កណ្តាល ៖ ក្មេងស្រីម្នាក់ក្រោយពីម្តាយបានប្តឹងចោទប្រកាន់ទៅលើប្តីនាង រួចហើយត្រូវបានតុលាការកោះហៅមកបំភ្លឺរួចចេញដីការឃុំខ្លួនប្តីនាងជាបណ្តោះអាសន្ន ដោយចោទប្រកាន់ប្តីនាងថា រួមភេទជាមួយអនិតិជនដោយបង្ខំ ប៉ុន្តែនាងបានអះអាងប្រាប់អ្នកយកព័ត៌មានថា នាងគ្រប់អាយុ១៥ឆ្នាំហើយ ដោយពួកគេទាំងពីរនាក់ស្រឡាញ់គ្នាមិនមានអ្នកណាបង្ខិតបង្ខំអ្នកណាទេ ហើយនាងសំណូមពរសូមឲ្យតុលាការដោះលែងប្តីនាង ដើម្បីពួកគេចាប់ដៃកសាងទ្រនុំគ្រួសារទៅអនាគត ។ ក្មេងស្រីឈ្មោះ វង់ សុខហេង អាយុ ១៥ ឆ្នាំ រស់នៅភូមិព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងយុវជនដែលនាងអះអាងថាជាប្តីមិនទាន់រៀបអាពាហ៍ពិពាហ៍នោះឈ្មោះ ធួន គីមស៊ាន់ អាយុ ១៨ ឆ្នាំមានស្រុកកំណើតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្មេងស្រីខាងលើបានបន្តថា នាងនិងប្តីនាងបានស្គាល់តាមរយៈបណ្តាញសង្គមហ្វេសបុកអស់ពេលជាងមួយឆ្នាំមកហើយ មិនមានអ្វីកន្លងឆ្គងនោះទេ ប៉ុន្តែដោយសារតែនាងជាកូនទោល ហើយឳពុកនាងមានជំងឺជាទំងន់ ស្លាប់ចោលនាងនិងម្តាយនាងទៅ ។ ចំណែកម្តាយនាងក្រោយឳពុកនាងបានស្លាប់ទៅគាត់ក៏យកប្តីមួយទៀត ។ នាងបន្តថា សម្រាប់ម្តាយនាងទោះបីជាគាត់យកប្តីមួយទៀតក៏ដោយក៏គាត់នៅតែស្រឡាញ់នាងលើសដើម ។ តែអ្វីដែលនាងជួបបញ្ហានោះ គឺប្តីក្រោយរបស់នាងចេះតែរករឿងនាងនិងបំពានបំពានមកលើរៀងកាយនាង ពេលនោះនាងបានប្រាប់ម្តាយដែរតែម្តាយនាងបានហាមនាងមិនឲ្យបាត់ លុះញយដងពេកចំណែកម្តាយនៅតែហាមឃាត់នាង មិនឲ្យបាត់ដដែលមិនបានជួយនាងឡើយ ។ ដោយសារតែបញ្ហារឿងឳពុកចុងធ្វើសកម្មភាពមិនល្អមកលើនាងបែបនេះ ទើបនាងសម្រេចចិត្តចាកចេញពីផ្ទះទៅរក សង្សាតាមហ្វេសហ្វុកនៅឯស្រុកខាងប្រុស ។ នាងបន្តថា ពេលទៅដល់ម្តាយឳពុកខាងប្រុសក៏មិនបានបដិសេធអ្វីដែរ តែសុំកុំឲ្យមានរឿងដល់កូនគាត់ ក្រោយមកពួកគាត់បានទៅជម្រាបមេភូមិ មេឃុំវិហាសួរគ៌ ស្រុកខ្សាច់កណ្តាល ឲ្យជួយដឹងឮ និងទទួលស្គាល់ផងដែរ ។ លុះរស់នៅជាមួយគ្នាបានប៉ុន្មានថ្ងៃស្រាប់តែសមត្ថកិច្ចបានចាប់ប្តីនាងដែលមិនទាន់បានរៀបការបញ្ជូនមកកាន់តុលាការឃុំខ្លួនតែម្តង ។ នាងបានបន្ថែមថា ការចាប់ខ្លួនប្តីនាងតាមរយៈពាក្យបណ្តឹងរបស់ម្តាយនាង ដោយប្តឹងចោទប្រកាន់ថា បង្ខិតបង្ខំ ចាប់បង្ខាំង រំលោភ ។ ក្នុងករណីនេះ នាងជាអ្នកស្ម័គ្រចិត្តមករួមរស់នៅជាមួយគ្រួសារខាងប្រុសដោយខ្លួនឯង មិនមានការបង្ខិតបង្ខំ ឬចាប់បង្ខាំងចាប់រំលោភដូចការចោទប្រកាន់ដូចនៅក្នុងពាក្យបណ្តឹងរបស់ម្តាយនាងឡើយ ។ នាងបាននិយាយថា ពួកគេទាំង២នាក់ស្រឡាញ់គ្នាណាស់ ច្បាប់គួរតែពិចារិណា មនុស្សស្រឡាញ់គ្នា មិនគួរបំបែកបំបាក់ពួកគេឲ្យព្រាត់គ្នាបែបនេះនោះទេ ។ លោក ឃុយ ពង់ ជាមេភូមិសេដា ឃុំវិហារសួគ៍ បាននិយាយថា ក្នុងនាមលោកជាមេភូមិ លោកសំណូមពរដល់ តុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចាប់ក្មេងនោះ សុំឱ្យដោះលែងមកវិញទៅព្រោះ ក្មេងស្រឡាញ់គ្នាដោយស្ម័គ្រចិត្តទោះបីខុសអាយុ១ថ្ងៃ២ថ្ងៃហ្នឹងចោទប្រកាន់រួចបំបែកបំបាក់គេធ្វើឲ្យគូរស្នេហ៍១គូរឈឺចាប់ ដោយសារស្នហាស្មោះ ។ លោកបានកោតសរសើរក្មេងទាំងពីរនាក់នេះចេះស្រឡាញ់គ្នារស់នៅជាមួយគ្នាល្អូកល្អិនអ្វីដែលនឹកស្មានមិនសាម៉ីខ្លួនស្ម័គ្រស្មោះនិងគ្នា ប៉ុន្តែម្តាយប្តឹងទាំងមិនមានភាពពិត ហើយតុលាការក៏ដាច់ចិត្តឃុំខ្លួនមនុស្សបែបនេះទៅកើត គួរណាស្រាវជ្រាវឲ្យដល់ភូមិឃុំជាកន្លែងដែលជនត្រូវចោទរស់នៅធ្វើយ៉ាងណាឲ្យជនត្រូវចោទទទួលបានភាពយុត្តិធម៌តាមផ្លូវច្បាប់នោះ ។ ពាក់ព័ន្ធនឹងករណីនេះ លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា បុរសឈ្មោះ ធួន គីមស៊ាន់ ជាប់ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប៉ុន្តែក្មេងស្រីអះអាងថា គេគ្រប់អាយុ១៥ឆ្នាំហើយ ៕
ប្រភព៖ ហេងលី