តារាស្រីពូកែវោហា អ្នកនាង សុខ សោម៉ាវត្តី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន គ្រប់ស្រទាប់ ព្រោះតែជាមនុស្សម្នាក់ដែលពូកែ ឆ្លាត និង មានសមត្ថភាព។ អ្នកមេម៉ាយកូនមួយរូបនេះ ហាក់មានការអន់ស្រពន់ចិត្តជាខ្លាំង ដែលកើតជាស្រី ជាមនុស្សទោះបីរៀបការជាមួយអ្នកណាក៏នៅតែមានទុក្ខដែរ។ អ្នកនាង ក៏បានរៀបរាប់យ៉ាងវែងអន្លាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងថា "វែងបន្តិចហើយ ? អានអោយចប់ផង ❤️ សម្រាប់មនុស្សស្រី រៀបការជាមួយអ្នកណាក៏មានទុក្ខដែរ! ៚ រៀបការជាមួយបុរសអ្នកមាន ហ៊ឺហាប៉ុន្តែឯកោ អាចរស់ស្រួល មានលុយ មានឡាន ផ្ទះធំទ្រនំខ្ពស់ ។ល។ ជីវិតបែបនេះគឺជាក្ដីស្រមៃរបស់មនុស្សស្រីជាច្រើនលើលោក។ ប៉ុន្តែបុរសមានលុយជាធម្មតានឹងត្រូវចំណាយពេលច្រើននៅខាងក្រៅ និងជប់លៀងមិនលោះថ្ងៃ។ រៀបការជាមួយបុរសបែបនេះ គឺប្រៀបដូចជារៀបការជាមួយទូរទស្សន៍ រៀបការជាមួយហាងសាឡន ជីវិតខាងក្រៅមើលទៅស្រណុកសុខស្រួលណាស់ ប៉ុន្តែក្ដីទុក្ខដែលលាក់នៅក្នុងចិត្ត តើអ្នកណាទៅអាចយល់បាន? ៚ រៀបការជាមួយបុរសសង្ហា បុរសសង្ហាមុខមាត់ស្អាត បើទោះបីគេស្រលាញ់អ្នកតែម្នាក់ ប៉ុន្តែគេក៏ជាគោលដៅរបស់នារីៗដទៃដូចគ្នា។ បើបុរសរូបនោះចិត្តទូលាយតាមនោះដែរ អ្នកអាចត្រៀមប្រេងកូឡា ប្រេងខ្យល់ បំពង់ហឺតឲ្យហើយទៅ។ ៚រៀបការជាមួយបុរសមានពេលវេលា គេចូលធ្វើការ និងត្រលប់មកផ្ទះវិញទៀងពេល ពូកែធ្វើម្ហូប មានពេលដើរផ្សារទំនើបជាមួយអ្នក និងពូកែមើលកូនទៀត។ ស្វាមីបែបនេះ គឺជាស្វាមីក្នុងក្ដីស្រមៃរបស់មនុស្សស្រីជាច្រើន។ ប៉ុន្តែមានគុណវិបត្តិទេ? វាអាចមាន បើគាត់មានពេល ប៉ុន្តែអត់លុយ! អ្នកអាចនឹងត្រូវហត់នឿយក្នុងការចេញរកលុយជាមួយគាត់ដើម្បីទប់ទល់សេដ្ឋកិច្ចគ្រួសារ។ នៅពេលអ្នកឃើញនារីផ្សេងដែលមានប្ដីចិញ្ចឹមយ៉ាងល្អ មានជីវិតសុខស្រួល បើអ្នកចេះតែយកជីវិតទៅប្រៀបធៀបជាមួយគេ ជីវិតគូរបស់អ្នកនឹងគ្មានក្ដីសុខ។ ៚រៀបការជាមួយមនុស្សប្រុសពូកែយកចិត្ត មនុស្សប្រុសប្រភេទនេះច្រើនមានសម្ដីផ្អែម ប៉ិននិយាយស្ដីឲ្យអ្នករំភើប។ គ្រាន់តែអ្នកផ្លាស់ប្ដូរម៉ូដសក់ ផ្លាស់ប្ដូរស្ទីលស្លៀកពាក់ គេនឹងជាមនុស្សដំបូងដែលសរសើរអ្នកដោយសម្ដីដ៏ផ្អែម។ ប៉ុន្តែត្រូវចាំដែរថា មនុស្សប្រុសប្រភេទនេះមិនមែនពូកែយកចិត្តដាក់អ្នកតែម្នាក់ទេណា។ បើអ្នកមិនគិត មិនប្រកាន់អ្វី អ្នកក៏មិនពិបាកចិត្តដែរ ប៉ុន្តែជឿទៅ មនុស្សស្រីភាគច្រើនគឺពូកែគិតច្រើនណាស់ ពេលឃើញប្ដីនិយាយផ្អែម ឬសរសើរស្រីផ្សេង។ ៚រៀបការជាមួយបុរសដ៏សាមញ្ញម្នាក់ គេស្មោះត្រង់ និងមិនចែករំលែកក្ដីស្រលាញ់ឲ្យនារីផ្សេង កែវភ្នែករបស់គេ ក៏មិនចេះបាញ់ដាក់នារីដទៃផ្ដេសផ្ដាស។ ប៉ុន្តែភាពសាមញ្ញរបស់គាត់ ពេលខ្លះក៏ក្លាយជាភាពសោះកក្រោះ។ ជួនកាលអ្នកទិញស្បែកជើងថ្មីមកពាក់មួយអាទិត្យហើយ គេក៏មិនសង្កេតឃើញផង។ យូរៗអ្នកនឹងមានអារម្មណ៍ថា គេជាមនុស្សមិនរ៉ូមែនទិក មិនចេះនិយាយផ្អែម ហើយកាន់តែគួរឲ្យខ្លាច បើថ្ងៃណាមួយ អ្នកមានចិត្តច្រណែនមិត្តភ័ក្ដិដែលមានប្ដីពូកែយកចិត្ត។ នៅលើលោកនេះគ្មានបុរសណាដែលមានទាំងលុយ ទាំងពេល គ្មានបុរសណាដែលពូកែយកចិត្តតែអត់មានចរិតព្រាន បើទោះជាមានក៏មិនងាយធ្លាក់មកដល់ដៃអ្នក ឬពុំដូច្នោះទេក៏គេមើលមិនឃើញអ្នកដែរ បើអ្នកមិនល្អសព្វគ្រប់ ឬមានគ្រប់យ៉ាងតាមដែលគេចង់បាន។ រៀបការជាមួយអ្នកណាក៏ជីវិតអ្នកគេចមិនផុតបញ្ហាដែរ អ្វីដែលសំខាន់ បើសម្រេចចិត្តជ្រើសរើសនរណាម្នាក់ហើយ អ្នកត្រូវទទួលយក និងសម្របខ្លួនតាមនោះ ព្រោះនេះជាជីវិតពិត មិនមែនប្រលោមលោកនោះទេ"។ យ៉ាងណាមិញ នៅក្នុងនោះក៏មានអ្នកចូលមកខមិនជាច្រើន ថែមទាំងមានការចែកចាយជាច្រើនផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ៕
ប្រភព៖ Sok somavotey