ឃុំចំនួន២ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលមានកម្ពស់ទឹក១ម៉ែត្រ
ណារ៉ា
-

កំពង់ស្ពឺ ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតនៅឃុំព្រៃរំដួល និងឃុំតាំងខ្យា ស្រុកភ្នំស្រួចដែលមានកម្ពស់ទឹកជន់លិចកើនឡើងរហូត១ម៉ែត្រ ។

ឯកឧត្តម វ៉ី សំណាង បានអោយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុក ត្រូវត្រៀម និងយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា៖ កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម វ៉ី សំណាង បានប្រាប់ប្រជាពលរដ្ឋថាអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ សង្កាត់ បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពរបស់បងប្អូន ហើយក៏បានត្រៀមវិធានការដោះស្រាយ ទប់ស្កាត់ ចំពោះគ្រោះធម្មជាតិមួយនេះហើយ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់បងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពិសជាដើម ៕