ខ្ញុំបានសូមអំពាវនាវ ដល់បងៗដែលដំឡើងរោងបុណ្យ រោងការ មេត្តាមើលព្រីភ្លើង ដែលបែកបាក់ផង ព្រោះកុំឲ្យមានករណីដូច អ៊ុំស្រីអី សប្បាយក្លាយជាទុក្ខ
-

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៥ៈ០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានករណីស្ត្រីវ័យ៥១ឆ្នាំម្នាក់ ឆក់ខ្សែភ្លើងស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានក្រោកបោសសំរាម នៅក្នុងរោងពិធី សម្រាប់ទទួលភ្ញៀវ ពេលកំពុងតែបោសបោស គាត់ បានឃើញព្រីខ្សែភ្លើងដែលបែក ត្រូវបានគេរុំស្របថង់ និងយកស្បៃសម្រាប់ហាលស្រូវមកគ្របពីលើ ជួនជាស្បៃនោះសើមត្រូវទឹកភ្លៀងផងនោះ គាត់បានយកដៃទៅទាញដើម្បីបោសសម្រាមបន្តក៏ឆក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់តាមខណៈបញ្ជូនទៅមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ គង់ ណាគ្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នគរបាលបានបញ្ជាក់ថា នេះគឺជាឆ្វេសប្រហែស ចំពោះអ្នកតខ្សែភ្លើងឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរនៅតែយកមកប្រើ។ ក្នុងនោះដែលនគរបាលប៉ុស្តិ៍ក៏បានអំពាវនាវ សូមឲ្យបងប្អូនប្រើប្រាស់ប្រព័ន្ធភ្លើងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសកុំស្តាយព្រីដែលបែកបាក់ ហើយត្រូវផ្លាស់ប្តូរចេញ ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ។