សូមបងប្អូន មេត្តាប្រុងប្រយ័ត្ន សង្ឃក្លែងក្លាយមួយអង្គផង ខលមកបិណ្ឌបាត្របច្ច័យ សុទ្ធតែ២០០$ ពេលគេមិនឲ្យ ប្រើពាក្យជេប្រមាថ និងដាក់ទំនាយគេ
កណ្តាលៈ កាលពីវេលាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួន ព្រះសង្ឃក្លែងក្លាយមួយអង្គ យោងតាមសេចក្ដីរាយការណ៏ របស់ជនរងគ្រោះ ដោយសង្ឃក្លែងក្លាយរូបនេះ បានទូរស័ព្ទមករំខាន សុំបិណ្ឌបាត្របច្ច័យយកទៅកសាងសមិទ្ធិផលក្នុងវត្ត «វិហារកោះអណ្តែត»។ ពេលនោះជនរងគ្រោះ បានឆ្លើយតបវិញថា បានផ្តល់ជាបច្ច័យម្តងជាពីរដងរួចហើយ ពុំមានលទ្ធភាពផ្តល់បច្ច័យទៀតទេ សូមព្រះអង្គកុំទូរស័ព្ទមកទៀត តែព្រះសង្ឃអង្គនោះ នៅតែជ្រក់ជ្រេញបន្តទូរស័ព្ទ ជនរងគ្រោះជាច្រើនលើកច្រើនសារ ទាំងយប់ទាំងថ្ងៃ រកពេលសម្រាកគ្មាន មិនត្រឹមតែប៉ុននិង សង្ឃក្លែងក្លាយរូបនេះ នៅប្រើពាក្យមិនគប្បីជាច្រើន។
សង្ឃក្លែងក្លាយរូបនេះបានសារភាពថា ខ្លួនមានឈ្មោះ ប៉ោង វិត ឆ្នាំកំណើត១៩៩៧ មានស្រុកកំណើតភូមិស្យា ឃុំ-ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបួសជាព្រះសង្ឃគង់នៅវត្ត «សូរិយា» នៅសង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០១០ ក្រោយមកបានមកគង់នៅវត្ត «បុទុមវត្តី» ភ្នំពេញ រយៈពេល០៦ឆ្នាំ ចេញមករៀនបន្តនៅវត្ត «ពោធិ៍វាល» ខេត្តបាត់ដំបង រួចចេញពីនោះ មកគង់នៅវត្ត «ទេពសន្យា» ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០១៨ មុនចូលឆ្នាំខ្មែរ។ ក្រោយចូលឆ្នាំខ្មែរ មកគង់នៅវត្ត «សារ៉ាវ័ន្ត» បន្ទាប់មកចេញមកវត្ត «ពុទ្ធមណ្ឌល» បានមួយរយៈក៏បានមកគង់នៅវត្ត «វិហារកោះអណ្តែត» ស្ថិតក្នុងភូមិភ្នំបាត ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ រយៈកាលប៉ុន្មានខែមុន «ខ្ញុំបានមកផ្ទះជនរងគ្រោះ ហើយទំនាក់ទំនងបានជួបគាត់ដោយផ្ទាល់ សុំបិណ្ឌបាត្របច្ច័យពីគាត់បានចំនួន២០០ដុល្លារ ក្រោយមកបាន៥០ដុល្លារទៀត តាមរយៈដក «វីង»។ រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបានទូរស័ព្ទទៅជនរងគ្រោះជាថ្មីទៀត សុំបិណ្ឌបាត្របច្ច័យកសាងរោងបាយនៅក្នុងវត្ត «វិហារកោះអណ្តែត» ពេលនោះជនរងគ្រោះមិនបានឆ្លើយតបទេ ខ្ញុំនៅតែទូរស័ព្ទទៅគាត់ជាច្រើនលើកច្រើនសារម្តងហើយម្តងទៀត រហូតដល់គាត់បានប្រាប់ខ្ញុំទាក់ទងទូរស័ព្ទជាមួយកូនចៅរបស់គាត់វិញ។ បន្ទាប់ពីទាក់ទងជាមួយកូនចៅគាត់ហើយ កូនចៅគាត់នោះបានឲ្យខ្ញុំមកយកបច្ច័យចំនួន២០០ដុល្លារ នៅផ្ទះគាត់ ប៉ុន្តែខ្ញុំបដិសេធមិនទៅទេ ឲ្យផ្ញើតាម «វីង» មកព្រោះខ្ញុំធ្លាប់ត្រូវបានគេម្នាក់ (មិនបញ្ចេញឈ្មោះ) ហៅខ្ញុំទៅយកប្រាក់បច្ច័យដូចគ្នា ហើយបានហៅសមត្ថកិច្ចមកឃាត់ខ្ញុំតែម្តង ហេតុដូចនេះទើបខ្ញុំមិនហ៊ានមកយក នៅផ្ទះគាត់។ ចំពោះការសុំបច្ច័យពីជនរងគ្រោះ គឺខ្ញុំបានទូរស័ព្ទទៅរកគាត់ផង និងកូនចៅរបស់គាត់ផងរាល់ថ្ងៃរាល់ម៉ោងរាល់ពេល គឺនៅថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់មកក៏មានសមត្ថកិច្ចអញ្ជើញរូបខ្ញុំមកសាកសួរតែម្តង។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។