ពេលនេះចំងល់ មហាជន និងអ្នកកាសែត ត្រូវបានលាតត្រដាងហើយ ហេតុអ្វីបានជាក្មេងទាំង១២នាក់ និងគ្រូបង្វិកម្នាក់ ចូលរូងភ្នំ ថាំលួង ធ្វើអ្វី ?
-

ប្រទេសថៃ៖ ក្រោយរយៈពេល​១សប្តាហ៍ដែលរំដោះកុមារទាំង​១២នាក់និងគ្រូបង្វឹកម្នាក់ ក្នុងក្រុមកីឡា «ជ្រូកព្រៃ» U ​16 ដែលជាប់នៅក្នុងរូងភ្នុំថាំលួង​ ខេត្តឈៀងរ៉ៃ​ ពេលនេះបានបង្ហាញខ្លួនជាសាធារណលើកដំបូង នៅក្នុងសន្និសីទ កាសែត​។ ក្រុមអ្នកសារព័ត៌មាន​បានសួរនៅសំណួរជាង ១០០សំណួរទៅកាន់សមាជិកក្រុមកីឡាករខាងលើនឹងគ្រូបង្វឹក​នៅក្នុងសន្និសីទកាសែត​នាថ្ងៃទី​១៨ខែកក្កដា។

ហេតុអ្វីបានជាក្រុមកីឡាករ ចូលទៅក្នុងរូងភ្នុំថាំលួង? គ្រូបង្វឹងវ័យ២៥ឆ្នាំ លោក​ Ekaphol Chantawong ​បានបញ្ជាក់ថា៖ សមាជិកក្រុមទាំងអស់បានព្រមព្រៀងគ្នាចូលក្នុងរូងភ្នុំ ដើម្បីចង់ដឹងចង់ឃើញ ក្នុងរយៈពេល​១ម៉ោង​។​ គ្រូបង្វឹកក៏បានបញ្ជាក់ទៀតថា៖ ពួកគាត់មិនបានចូលទៅទីនោះដើម្បីធ្វើខួបកំណើតដល់សមាជិក ក្រុមនោះឡើយ ​ដូចការផ្សាយរបស់សារព័ត៌មានកាលពីកន្លងមក។ គ្រូបង្វឹកបានបញ្ជាក់បន្តថា៖ នៅពេលដែលវិលត្រឡប់ចេញក្រៅវិញទើបដឹង ថាខ្លួនជាប់គាំងនៅខាងក្នុង ។
គ្រូបង្វឹក Ekaphol Chantawong ​បានបញ្ជាក់ថា៖ ក្រុមកីឡាករគឺចេះហែលទឹកទាំងអស់​​ដោយក្រោយការហ្វឹកហាត់ប្អូនៗតែងតែ ទៅហែលទឹក ។ កន្លងមក សារព័ត៌មានបានផ្សាយថា គ្មានកុមារណាម្នាក់​នៅក្នុងក្រុមចេះហែលទឹកនោះឡើយ។ លោក​ Ekaphol Chantawong ​​បន្តទៀតថា ពេលដំបូង​ ក្រុមទាំងមូលបានសម្រេច រកផ្លូវចាកចេញ ។ ពេលដំបូង ក្រុមកីឡាករ មិនមានការភ័យខ្លាចនោះឡើយ ដោយគិតថា ទឹកនឹងស្រកចុះវិញ ​ហើយនឹងមានមនុស្សមកជួយនៅថ្ងៃបន្ទាប់។
គ្រូបង្វឹងក​ Ekaphol Chantawong ​ បានព្យាយាមលើកទឹកចិត្ត ស្មារតីកូនសិស្សរបស់ខ្លួន​ក៏ឲ្យភ័យខ្លាច​ ហើយក៏បានរកទឹកផឹក ដោយផឹកទឹកស្រក់ពីភ្នុំ មិនហានផឹកទឹក ហូរនោះឡើយខ្លាច មានជម្ងឺ។ ប្អូនៗគ្មានអ្វី ញាំឡើយមានតែទឹកផឹកប៉ុណ្ណោះ មុនពេលត្រូវក្រុមអ្នកមុជទឹករកឃើញ។
តើអ្នកណាជាអ្នកសម្រេច ឲ្យក្រុមកីឡាករ ចេញមកក្រៅតាមលំដាប់? គ្រូបង្វឹក Chantawong ​បានបញ្ជាក់ថា គ្មានកីឡាករណាម្នាក់​ដណ្តើមចេញក្រៅមុនឡើយ។ លោកChantawong ​បាននិយាយ បែបកំប្លែងទៀតថា កីឡាកររូបណា ដែលមានផ្ទះនៅឆ្ងាយពីរូងភ្នុំជាងគេនិង ចេញមុនគេ ។គ្រូពេទ្យដែលចូលទៅក្នុងរូងភ្នុំបានបញ្ជាក់ថា សុខភាពនិងស្មារតីកុមារទាំងអស់ល្អប្រសើរ ដូច្នេះ ការសម្រេចចេញមកក្រៅ​ អ្នកណាមុន ក្រោយជាការស្ម័គចិត្ត។ គ្រូបង្វឹកខាងលើ បានបញ្ជាក់ថា គ្មានកីឡាករណាម្នាក់ចង់​ចេញក្រៅមុន មិត្តភក្តិរបស់ខ្លួននោះឡើយ (ចេញចោលមិត្តភក្តិ) ដោយពួកគេមានទំនាក់ទំនងជិតស្និតនឹងគ្នាយ៉ាងខ្លាំង ចេះថែរក្សាគ្នា រួមសុខទុក្ខ នឹងគ្នាបានយ៉ាងល្អបំផុត​។
តើកីឡាករ ៣នាក់និងគ្រូបង្វឹកម្នាក់ នឹងក្លាយជា ពលរដ្ឋថៃពេញសិទ្ធដែរឬទេ? មន្ត្រីក្នុងតំបន់​ដែល មានវត្តមាននៅក្នុងសន្និសីទកាសែតនោះបានបញ្ជាក់ថា ឯកសារទាំងឡាយបានដាក់បញ្ជូនទៅឲ្យនាយកដ្ឋាន ។ ដូច្នេះ កីឡាករ​៣រូបនិងគ្រូបង្វឹក នឹងក្លាយជាពលរដ្ឋថៃពេញសិទ្ធនៅពេលដ៏ខ្លីខាងមុខ។
ក្រៅ​ពី​រៀបរាប់​ជីវិត​ឯកោ​ក្នុង​រូងភ្នំ​រយៈពេល ៩ថ្ងៃ ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​របស់​ពួក​គេ​ក៏​បាន​ប្រាប់​ថា ក្នុង​ពេល​សម្រាក​ក្នុង​មន្ទីរពេទ្យ ពួក​គេ​ក៏​បាន​មើល​ការ​ប្រកួតបាល់ទាត់ពិភពលោក​ក្នុង​វគ្គផ្តាច់ព្រ័ត្រ​រវាង​ក្រុមជ្រើសជាតិ​បារាំង និង​ក្រូអាត ​នា​យប់​ថ្ងៃ​អាទិត្យ ទី១៥ កក្កដា​ដែរ។ បន្ទាប់​មក មាន​អ្នក​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករបាល់ទាត់​ជំនាញ​ទៀត​ផង។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្មេង​ទាំង ១២នាក់​ដែល​មាន​អាយុ​ពី ១១ឆ្នាំ​ទៅ ១៦ឆ្នាំ និង​គ្រូបង្វឹកបាល់ទាត់​របស់​គេ​ម្នាក់​អាយុ ២៥ឆ្នាំ​បាន​នាំ​គ្នា​ចូល​ក្នុង​រូងភ្នំ Tham Luang ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ​កាល​ពី​ថ្ងៃទី២៣ មិថុនា និង​បាន​ជាប់កុន​ចេញ​មិន​រួច​ដោយសារ​ទឹកឡើង​ខ្លាំង​ក្នុង​រូងភ្នំ។
គេ​ត្រូវ​រង់ចាំ​រហូត​ដល់ ៩ថ្ងៃ​ទើប​ក្រុម​អ្នក​ជំនាញ​មុជទឹក​ជនជាតិ​អង់គ្លេស​បាន​រក​ឃើញ​ទីកន្លែង​របស់​ពួក​គេ​ដែល​មាន​ចម្ងាយ​ប្រមាណ ៤គីឡូម៉ែត្រ​ពី​ច្រក​ផ្លូវ​ចូល។ តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ថៃ​ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​ពួក​គេ​ចេញ។ ទីបំផុត ប្រតិបត្តិការ​រំដោះ​ពួក​គេ​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​អាទិត្យ ទី៨ កក្កដា និង​បញ្ចប់​ក្នុង​ថ្ងៃ​អង្គារ ទី១០ កក្កដា​ដោយ​រំដោះ​បាន​ក្មេង​ទាំង ១២នាក់ រួម​ទាំង​គ្រូបង្វឹកបាល់ទាត់​របស់​ពួក​គេ​ដោយ​សុវត្ថិភាព។ តែ​ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ភ្លាមៗ​ទៅ​ឲ្យ​សម្រាក​ពិនិត្យ​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជាង ១សប្តាហ៍​ទើប​អនុញ្ញាត​ឲ្យ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ពុធ ទី១៨ កក្កដា។
ក្នុង​ឱកាស​សន្និសីទកាសែត​រួម​គ្នា​នោះ​ដែរ ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​ក៏​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ជំនាញ​មុជទឹក​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ពួក​គេ ព្រម​ទាំង​លុត​ជង្គង់​ក្រាប​ក្បាល​ចុះ​នៅ​ចំពោះ​មុខ​រូបថត​ព្រះមហាក្សត្រ​ថៃ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​អាច​នឹង​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នា​ពេល​ឆាប់ៗ​ខាង​មុខ៕ ប្រភពៈ Phorn Sophal