ជនជាតិបរទេសបើករថយន្តមិនគោរពភ្លើងស្ទុប ទៅបុកម៉ូតូអូសជិត៣០ម៉ែត្រ បណ្ដាលឲ្យយុវជន២នាក់របួសធ្ងន់
-

ភ្នំពេញ៖​ បុរសជនជាតិបរទេសម្នាក់បើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿន ហើយមិនគោរពភ្លើងស្ទុប ខណះមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមសង់ពីចំហៀងពេញទំហឹងអូសជាង៣០ម៉ែត្រ បណ្តាលយុវជន២នាក់រងរបួសធ្ងន់ ។

​ ហេតុការណ៍​នេះបានកើតឡើងកាលពីវលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែកក្កដា ​ឆ្នាំ២០១៨​ នៅចំណុចស្តុបពេទ្យចិន​ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
​ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដា​ឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ ក្រចេះ 1E- 4487 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៍ស្លែ​ ពាក់ស្លាកលេខភ្នំពេញ2AR- 5563 បើកបរដោយបុរសម្នាក់ជាជនជាតិបរទេស រួមទាំងស្ថានភាពស្រវឹង​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនបានបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូ​ចំពីចហៀងពេញទំហឹង ហើយអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០ម៉ែត្រ ទើបឈប់ធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ​ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងឃាត់ម្ចាស់រថយន្តប្រគល់អោយជំនាញចរាចរណ៍និងវាស់វែងយករថយន្ដនិងម៉ូតូទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
ដោយៈ ភារ៉ា