គ្រាន់តែរឿងប៉ុននិងសោះ ស្មានតែមានរឿងអីធំលោកអើយ!!! ឪពុកក្មេកកាប់កូនប្រសារ បណ្ដាលឲ្យរងរបួសធ្ងន់ គ្រាន់តែរឿងសត្វពស់ជាប់មងសោះ!!
-

ខេត្តបាត់ដំបង ៖ ​ឪពុកក្មេកនិង​កូន​ប្រសារ​២នាក់​ផឹកស្រា​ស្រវឹង​ឡូឡា ​​​កើតជា​ទំនាស់​រហូត​ឪពុក​ក្មេក យក​ពូថៅវាយ​ក្បាល​កូនប្រសារ​របួសធ្ងន់បង្កការភ្ញាក់ផ្អើលពេញភូមិតែម្តង។ហេតុការណ៍នេះ​កើតឡើង​នៅវេលាម៉ោង ២២និង​២២នាទីរសៀល ថ្ងៃព្រហស្បតិ៍ ០៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុច​ភូមិអូរគ្រួស ឃុំសេរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ពេជ្រ ​សារ៉ែន អធិកា​រ​នគរបាល​ស្រុកសំពៅលូន បានឲ្យ​ដឹងថា វេលាថ្ងៃកើតហេតុខាងលើ មានក​​​​​​​​​​​​​​​​​​​រណី​ហិង្សាដោយ​ចេតនាបង្ក​ឡើងដោយ​ជនសង្ស័យ​ឈ្មោះ នួន​​ ​សឿន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ រស់នៅភូមិអូរគ្រួស ឃុំសេរីមាជ័យ ស្រុកសំពៅលូន បានយក​​​​​​​​​​​​​​​​ពូថៅ​វាយក្បាល​ជនរង​គ្រោះឈ្មោះ វ៉ឹង ​ហៅ​បារាំង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ ​ឃុំខាងលើជា​មួយគ្នា (កូនប្រសារ) របួសធ្ងន់ ។ ​ក្រោយ​កើតហេតុ​ជន​សង្ស័យ​ជាឪពុក​ក្មេង​បានរត់​គេច​ខ្លួនបាត់ ។
តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ វឹង វល់ ហៅ បារាំង ភេទប្រុ​ស អាយុ២៧ឆ្នាំរស់នៅត្រង់ចំណុចកើតហេតុខាងលើ បាននិយាយថា ការទាស់ពាក្យសម្តីរវាងខ្លួន ជាមួយនឹង​ឪពុកចុង ឬក៏ត្រូវជាពូ ដែលមានឈ្មោះ នួន សឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ គឺបានកើតឡើងជាច្រើនលើក ច្រើនសាររួចមកហើយ ដោយសារតែពេលដែលគាត់ស្រវឹង គឺគាត់តែងតែចោទប្រកាន់មកលើខ្លួនថា បានទៅលួចដោះយកសត្វពស់ដែលគាត់ដាក់មងបាន ។
ជនរងគ្រោះបានបន្តថា ធាតុពិតគឺខ្លួនមិនដែលទៅលួចពស់របស់គាត់ឡើយ ប៉ុន្តែគាត់នៅតែចោទដដែលៗ ។ លុះនៅមុនពេលកើតហេតុ គឺគាត់មកពីផឹកវិញក៏បានចាប់ផ្តើមរករឿងទៀត ឯខ្លួនក៏បានប្រកែកទៅវិញ ទៅមក ស្រាប់តែគាត់បានលបទាញពូថៅមកវ៉ៃមកលើក្បាលនិ​ងផ្ទៃមុខរបស់ខ្លួន​ ជាច្រើនកន្លែងរហូតដល់សន្លប់ លែងដឹងខ្លួន ។
ដោយឡែកសម្រាប់សាក្សីមួយចំនួនដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ក៏បាននិយាយថា ពេលដែលជនសង្ស័យបានយកពូថៅវ៉ៃទៅលើជនរងគ្រោះនោះ គឺបាន បាក់ដងអស់មួយ ប៉ុន្តែដោយសារមិនអស់ចិត្តទើបស្ទុះទៅទាញពូថៅមួយទៀត មកវ៉ៃបន្ថែមរួចក៏រត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង ដោយសារតែមានប្រជាពលរដ្ឋជាច្រើនបម្រុងចូលជួយ ព្រមទាំងមានការស្រែកអោយ​ជួយពីសំណាក់ស្ត្រីជាភរិយា ដែលកំពុងពរកូនមួយនៅនឹងដៃផង ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅម​ន្ទីពេទ្យបង្អែកស្រុកសំពៅលូន។ បច្ចុ​ប្បន្ន កម្លាំង​នគរបាល​ស្រុកសំពៅ​លូនកំពុង​តាមស្វែង​រក​ចាប់ខ្លួនជនដៃដល់ ដើម្បី​យកមក​ចាត់ការ​តាមនី​តិវិធី​ច្បាប់​ ៕
ដោយៈ ភារ៉ា