ដើម្បីប្រទេសជាតិ!!! ចារនារីរុស្ស៊ីម្នាក់ «សុខចិត្តបូជាព្រហ្មចារី» ដើម្បីបេសកកម្មសម្ងាត់​នៅ​អាមេរិក
-

វ៉ាស៊ីនតោនៈ អាជ្ញាធរ​អាមេរិកបាន​ឱ្យដឹងថា ស្ត្រីជនជាតិរុស្ស៊ី​ម្នាក់ឈ្មោះនាង ម៉ារៀ ប៊ូទីណា (Maria Butina) ដែលត្រូវបាន​គេចោទ​ពីបទជ្រៀតជ្រែក​ក្នុងកិច្ចការនយោបាយ​របស់សហរដ្ឋអាមេរិក បានលះបង់​ព្រហ្មចារីរបស់ខ្លួន​ឱ្យបុរសជនជាតិអាមេរិក​ម្នាក់ ជាថ្នូរ នឹងការទទួល​បានការងារនៅ​ក្នុងអង្គការមួយដែលដាក់ជា​គោលដៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

នាង ម៉ារៀ ប៊ូទីណា (Maria Butina) អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ក្នុងទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី ជាទីដែលរូបនាង​ស្នាក់នៅ ដោយអាជ្ញាធរ​អាមេរិកចោទថា នាងបានធ្វើ​សកម្មភាពក្នុងនាមជា​ទីភ្នាក់ងាររុស្ស៊ី តាមរយៈ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយប្រជាជន​អាមេរិក និងអង្គការនានា​ដែលមានឥទ្ធិពល​លើនយោបាយ​អាមេរិក។ មួយវិញទៀតសំណុំរឿងនេះ​ មិនមានជាប់​ពាក់ព័ន្ធនឹងការស៊ើបអង្កេត​លើការចោទ​ប្រកាន់ថា រុស្ស៊ីលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ២០១៦ នោះទេ តែបើសិន​ជាគេរកឃើញ​ទោសកំហុស​ ដូចការចោទ​ប្រកាន់​មែន នោះរូបនាង​នឹងត្រូវប្រឈមមុខ​ជាប់ពន្ធនាគារ ០៥ឆ្នាំ។
ក៏ប៉ុន្តែ​ឯកសារមួយដាក់ជូន​តុលាការអាមេរិក នៅថ្ងៃពុធ​សប្ដាហ៍នេះបាននិយាយថា នាង ប៊ូទីណា ធ្លាប់បានរស់នៅ​ជាមួយបុរស​ជនជាតិអាមេរិក​ម្នាក់អាយុ ៥៦ឆ្នាំ ដែលមាន​ឈ្មោះនៅក្នុងឯកសារ​នោះថា US Person 1។ មិនតែប៉ុណ្ណោះ ឯកសារនេះ​ដដែល​ក៏បានឱ្យដឹងដែរថា ប៊ូទីណា (Maria Butina) បានលះបង់ព្រហ្មចារីរបស់ខ្លួនឱ្យបុរស US Person 1 នេះជាថ្នូរនឹងការទទួល បានការងារ​នៅក្នុងអង្គការមួយ​ ដែលដាក់ជាគោលដៅ។
គួរបញ្ជាក់ថា នៅក្នុងឯកសារ​ខាងលើ​មិនបានបញ្ជាក់​ពីឈ្មោះអង្គការមាន​ជាប់ពាក់ព័ន្ធនឹង​ករណីនេះឡើយ។ ប៉ុន្តែ​នាង ប៊ូទីណា តែងតែបង្ហោះរូបភាព​ជាញឹកញប់​ នៅក្នុងពិធី ឬព្រឹត្តិការណ៍របស់សមាគម​កាំភ្លើងអាមេរិក National Rifle Association (NRA)៕ ប្រភពៈ Phorn Sophal