មុនរៀបអាពាហ៍ពិពាហ៍ ចាស់ទុំតែងរកគ្រូពិនិត្យមើក្រែងខុសខែឆ្នាំ ដែលជាប្រពៃណីទំនៀមទម្លាប់យូរមកហើយ។ មិនខុសគ្នា គ្រួសារមានទ្រព្យស្ដុកស្ដម្ភម្នាក់ បានរកគ្រូឲ្យមើលដែរ ប៉ុន្តែបែរជាផ្ដល់លុយកាក់ជាថ្នូរនឹងការនិយាយកុហកប្រាប់កូនស្រី និងសង្សាររបស់កូនស្រីថា ខែឆ្នាំមិនត្រូវគ្នា បើជម្នះរៀបការអាចជួបគ្រោះធំដល់ជីវិត ធ្វើឲ្យអ្នកទាំង២ បែកគ្នាទាំងនៅស្រលាញ់។ ចំណែកមូលហេតុ ដែលម្ដាយឲ្យគ្រូទាយបោកប្រាស់បែបនេះ ព្រោះមិនចង់ឲ្យកូនស្រី ភ្ជាប់សាច់ឈាមខាងប្រុស ដែលមានគ្រួសារក្រ។ ដំណាលរឿងដំបូង គឺខាងប្រុសជាកូនអ្នកស្រែចម្ការ ប៉ុន្តែតស៊ូរៀនសូត្រណាស់ រហូតរសាត់មកដល់ទីក្រុង។ រូបគេបានរៀនបរិញ្ញាបត្រដោយសារអាហារូបករណ៍ ហើយអំឡុងពេលនោះក៏បានចូលធ្វើការឲ្យក្រុមហ៊ុននាំចូលសម្ភារៈសំណង់មួយកន្លែង ដោយទទួលបានប្រាក់ខែមធ្យមគ្រាន់ទប់ទល់ការចំណាយថ្លៃរៀនសូត្រ។ ពេលធ្វើការ គេជាមនុស្សឆ្លាត រៀនសូត្រតិកនិកបានលឿន និងលួចគំនិតរកស៊ីបានយ៉ាងច្រើនពីអ្នកជំនួញ។ ដោយសារជាមនុស្សស្លូតបូត ឧស្សាហ៍ព្យាយាម គេបានទទួលការស្រលាញ់ពីមនុស្សជុំវិញខ្លួន ជាពិសេសកូនស្រីតែម្នាក់គត់ របស់អ្នកនាំចូលសម្ភារៈសំណង់នោះតែម្ដង។ ចេញចូលក្នុងហាង ភ្នែកសម្លឹងគ្នាមិនដាក់ ការស្រលាញ់មានកាន់តែខ្លាំងឡើង ឯឪពុក-ម្ដាយ សង្ស័យដែរ តែមិនទាន់និយាយ ត្បិតអីស្ដាយបុគ្គលិកដ៏ចំណាននេះ។ ប៉ុន្តែថ្ងៃមួយ កូនស្រីក៏បានសារភាពប្រាប់ឪពុកម្ដាយដោយត្រង់ ថាស្រលាញ់គ្នាជាមួយបុគ្គលិកនោះតែម្ដង ដោយបញ្ជាក់ថាគេជាមនុស្សអាចទុកចិត្តបាន។



