កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខបក្ខពួកជនសង្ស័យ វ័យក្មេងចំនួន៥នាក់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណី ឆក់កាបូប និងវាយប្លន់យ៉ាងសកម្ម នៅរាជធានីភ្នំពេញ
-

ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខបក្ខពួកជនសង្ស័យ វ័យក្មេងចំនួន៥នាក់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណី ឆក់កាបូប និងវាយប្លន់ នៅរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ មានឈ្មោះ សុធាសផានិតភេទប្រុស អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី២ ឈ្មោះកែវ ភារុណ ហៅប៊ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកបោះពុម្ភ នៅផ្ទះជួលភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទី៣ ឈ្មោះ អ៊ិច ចក្រី ហៅហ្វ័រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះលេខ៩បេ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ទី៤ ឈ្មោះឆាវសំអិត ហៅរាជ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកបោះពុម្ភ នៅសង្កាត់ដង្កោខណ្ឌដង្កោ និងទី៥ ឈ្មោះ ណុច តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យសេរីមង្គល នៅភូមិឫស្សីជ្រោយ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ បានធ្វើសកម្មភាពឆក់កាបូប ចំនួន២ករណី និងប្លន់យកម៉ូតូម៉ាក ស៊ុយស៊ូគីនិច មួយគ្រឿង នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏ SCG ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ បន្ទាប់ពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕