ខេត្តព្រៃវែង កំពុងទទួលរងនូវការវាយប្រហារ ដោយគ្រោះទឹកជំនន់ ...
-

ខេត្តព្រៃវែង ៖ បើគិតចាប់ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ នេះ​កំពស់​ទឹកទន្លេ​មេគង្គ​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ និង​បាន​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ស្រុក​ចំនួន​២​ក្នុង​ខេត្តព្រៃវែង គឺ​ស្រុក​ពាមរ​ក៌ និង​ស្រុក​ស៊ី​ធរ​កណ្តាល ។ យោង​តាម​របាយ​ការ​ណ៌​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​បានឲ្យ​ដឹង​ថា នៅ​ស្រុក​ស៊ី​ធរ​កណ្តាល​ទឹកជំនន់​បាន​ជន់​លិច​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៤​ក្នុង​នោះ​ឃុំ​ព្រៃ​ដើម​ថ្នឹង​ប៉ះពាល់​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន​៦០​ហិ​កតា ឃុំ​ព្នៅ​ទី​១​ប៉ះពាល់​ដំណាំ​ស្រូវ និង​ចំការ​ប្រជាពលរដ្ឋ​ចំនួន​១៦០​ហិ​កតា ឃុំ​ព្រែក​ចង្ក្រាន​ប៉ះពាល់​សាលារៀន​មួយ​កន្លែង សិស្ស​តូច​ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ការ​សិក្សា និង​ឃុំ​ល្វេ​ប៉ះពាល់​ផ្លូវ​១​ខ្សែ​ប្រវែង​១៥០​ម៉ែត្រ ។ ដោយឡែក​សំរាប់​ស្រុក​ពាមរ​ក៌​ទឹកបាន​ជន់​លិច​ឃុំ​ចំនួន​២​ក្នុង​នោះ​ឃុំ​ពាម​មាន​ជ័យ​ប៉ះពាល់​ចំនួន​៥​ភូមិ ទឹក​លិច​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤១​ខ្នង លិច​ផ្លូវ​ប្រវែង​១៥០០​ម៉ែត្រ និង​ឃុំ​បន្លិច​ប្រាសាទ​ប៉ះពាល់​ភូមិ​ចំនួន​៦​ភូមិ និង​លិច​ផ្លូវ​ប្រវែង​៥០០០​ម៉ែត្រ ។ ចំពោះ​ករណី​នេះ​ដែរ​លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌​បាន​បញ្ជាក់​អោយ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​ទឹកជំនន់​មិន​ទាន់​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាជ្ញាធរ​ស្រុក និង​ខេត្ត​រួម​ទាំង​គណៈកម្មការ​គ្រោះ​មហន្តរាយ កាកបាទក្រហម ព្រមទាំង​កងកម្លាំង​ទាំងអស់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ បើសិន​ទឹក​នៅ​តែ​បន្ត​កើនឡើង និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ ។ សូម​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ នេះ​កំពស់​ទឹកទន្លេ​មេគង្គ​បាន​កើនឡើង​ដល់​កំពស់​៦.៥៦​ម៉ែត្រ​ហើយ ខណៈ​កំពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​ត្រឹម​៧​ម៉ែត្រ​កន្លះ ៕

ប្រភព៖ Tep Monyrot