មានមនុស្សជាច្រើនដែលរស់នៅក្នុងភាពកក់ក្តៅ មានគ្រួសារដ៏ល្អ តែអនិច្ចាអី ក្មេងស្រីជាច្រើនដែលត្រូវបានគេរំលោភបំពាន ព្រមទាំងទទួលការវាយដំ មិនចេះចប់មិនហើយ ពីសំណាក់ លោកឪពុក ក៏ដូចជាជនល្មោភកាម។ លោកស្រី ម៉ម សូម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប ( Afesip Cambodia) គឺជាអ្នកម្តាយដ៏ល្អ បានជួយដ៏ក្មេងស្រីជាច្រើននាក់ ឲ្យរួចផុតពីក្រញាំដៃជនថោកទាប មួយចំនួន ដែលចាំតែបំផ្លាញអនាគត និងសេចក្តីសុខរបស់ក្មេង។ អង្គការ អាហ្វីស៊ីប របស់លោកស្រី បានធ្វើឲ្យមហាជនជាច្រើនគាំទ្រ និងសរសើរមិនដាច់ពីមាត់ ថាជាអង្គការមួយជួយដល់ក្មេងៗ ដែលរំលោកបំពាន ទាំងកាយ និងវាចា ធ្វើឲ្យក្មេងជាច្រើនរស់នៅក្នុងស្បៃខ្មៅងងឹតគ្មានថ្ងៃយល់។ ក្នុងនាមលោកស្រីជាម្តាយម្នាក់ ពិតជាមានក្តៅសោកសង្រែងជាខ្លាំង នៅពេលឃើញក្មេងស្រីជាច្រើនទ្រហោយំ ឈឺចាប់ទាំងផ្លូវការនឹងផ្លូវចិត្ត។ ជាក់ស្តែងលោកស្រីក៏បានធ្វើការបង្ហោះសារមួយ ពីជីវិតក្មេងស្រីម្នាក់ត្រូវបានឪពុកបង្កើតខ្លួនចាប់រំលោភ យ៉ាងព្រៃផ្សៃ ហើយម្តាយបង្កើតមិនប្រណី បានបណ្តេញនាងចេញពីផ្ទះថែមទៀត។ លោកស្រីបានរៀបរាប់ថា "នាងយំ នាងសោកសង្រេង នាងថាបេីមានជាតិក្រោយកូនសូមធ្វេីកូនម៉ាក់បានទេ។ ម៉ាក់ហា៎ ខែក្រោយជាខួបរបស់កូនហេីយ ហេតុអុីកូនត្រូវកេីតមកធ្វេីអ្វី កូនមិនសប្បាយចិត្តទេអោយតែជិតដល់ថ្ងៃខួប អោយកូនសូមគេងឱបម៉ាក់បានទេ កូនដឹងថាម៉ាក់ជំនួសម៉ែកូនមិនបាន តែយ៉ាងហោចណាស់ម៉ាក់នៅលួងលោមកូន ផ្តល់ភាពកក់ក្តៅអោយកូន។ ៣ឆ្នាំគត់ដែលកូនស្គាល់ច្បាស់ នូវក្តីស្រលាញ់ដែលម៉ាក់ បុគ្គលិកពូមីង បងៗ និងបងប្អូនក្នុងមណ្ឌលអោយកូន តែវានៅតែខ្វះអ្វីម្យ៉ាងនោះគឺម្ដាយបង្កេីតរបស់កូន ពុកបង្កេីតកូនរំលោភ កូននិងបងស្រី ម៉ែកូនគួរតែអាណិតកូនព្រោះគាត់ជាអ្នកបង្កេីតកូន តែគាត់មិនត្រឹមតែមិនអាណិតកូនទេថែមទាំងដេញកូនចេញពីផ្ទះទៀត។ លេីកទីមួយដែលកូននិយាយរឿងកូនអោយបង Tan Kimsour Tan Kimsour និងបង Monica DollyKa Keat ស្តាប់កូនភ័យស្មានតែបងៗស្អប់ តែពេលកូនឃេីញបងៗយំកូនក្តុកក្តួល ហេតុអ្វីគាត់ជាអ្នកក្រៅសោះគាត់នៅអាណិតកូន ស្រលាញ់កូន ចុះម៉ែកូនវិញ។ កូនចង់និយាយប្រវត្តិកូនអោយម្តាយ ឪពុកគ្រប់គ្នាដឹង ថាទង្វេីពួកគាត់ធ្វេីអោយកូនស្រីឈឺចាប់ប៉ុណ្ណា ខែក្រោយកូនអាយុ ១៧ឆ្នាំហេីយ កូនចង់អោយម្តាយ ឪពុកគ្រប់រូបមានការទទួលខុសត្រូវចំពោះកូនៗដែលខ្លួនបានបង្កេីតហេីយនោះ គ្មានចំលេីយ មានតែទឹកភ្នែក"៕








