តារាសម្តែងស្រីកញ្ញា សួង សុខារ៉ានីត ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃខួបកំណើតរបស់ខ្លួន ពេលដែលឃើញនៅវត្តមានរបស់លោក ខៀវ កាញ៉ារីទ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលរួម
-

ភ្នំពេញៈ តារាសម្តែងស្រីកញ្ញា សួង សុខារ៉ានីត បានសម្តែងអារម្មណ៍រំភើបភ្ញាក់ផ្អើលខ្លាំង នឹងវត្តមានលោក រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ៉ារីទ ដែលបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតគម្រប់វ័យ៣១របស់នាង កាលពីរាត្រីថ្ងៃទី០៦ ខែសីហា កន្លងទៅ។

តារាស្រីរូបនេះភ្ញាក់ផ្អើលនិងសរសើរពីទឹកចិត្តលោករដ្ឋមន្ត្រី ដែលឆ្លៀតពេលមកចូលរួមកម្មវិធីនាង បើទោះបីជាលោកមានធុរៈផ្ទាល់ខ្លួននៅផ្ទះក៏ដោយ។ ​តារាសម្តែង សិចស៊ី សួង សុខារ៉ានីត បានធ្វើខួបកំណើតទ្រង់ទ្រាយធំលើកដំបូងសម្រាប់ជីវិត កាលពីដើមសប្តាហ៍នេះ នៅភោជនីយដ្ឋាន វីហ្វ្រេន បឹងត្របែក ក្រោមវត្តមានសិល្បករប្រមាណជិត២០០នាក់។
អ្វីដែលធ្វើឲ្យនាងសប្បាយនិងរំភើបចិត្ត ក្រោយពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលនាងបានអញ្ជើញជាភ្ញៀវបានបង្ហាញមុខមុនអស់ភ្ញៀវដទៃ។ នាងថាអរស្ទើហោះក្រោយពីលោករដ្ឋមន្ត្រីពោលមកកាន់នាង ដោយពាក្យសុំទោសថាមិនបាននៅយូរនោះទេ ព្រោះមានកម្មវិធីរវល់នៅផ្ទះទោះសម្រេចចិត្តអញ្ជើញមកកម្មវិធីខួបកំណើតនាងមុន។
នាងថាគ្រាន់តែលឺសម្តីនេះធ្វើឲ្យនាងរំភើបអរស្ទើហោះ ជាងគេយកមាសមកឲ្យ១០០គីឡូទៅទៀត។​ សួង សុខារ៉ានីត បញ្ជាក់ថា ទោះបីលើកទីមួយក្នុងជីវិតដែលរៀបចំកម្មវិធីខួបកំណើត ប៉ុន្តែនាងពិតជាសប្បាយចិត្តខ្លាំង ព្រោះតែវត្តមានភ្ញៀវជាច្រើន ជាមិត្តរួមការងារសិល្បៈបានបង្ហាញវត្តមានជាច្រើន ហើយនេះគឺជាការចងចាំ និងពេលវេលាសប្បាយរួមគ្នាមិនអាចបំភ្លេចបាន។ នាងរំពឹងថាក្រោយកម្មវិធីខួបកំណើតនេះនាងនឹងទទួលបានឱកាសការងារ និងភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងនាង និងអ្នកសិល្បៈកាន់តែជិតស្និទ្ធផងដែរ៕