លោកឯកឧត្តម ម៉ុង ឫទ្ធី ត្រូវបានមហាជនជាច្រើនស្គាល់ ថាជាឯកឧត្តមចិត្តធម៏ តែងតែជួយដល់ជនក្រីក្រ ចាស់ជរា និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកឯកឧត្តម ម៉ុង ឫទ្ធី ជាឯកឧត្តម ដែលប្រើជីវិតដ៏សាមញ្ញជាមួយគ្រួសារយ៉ាងសប្បាយរីករាយ ។ ទន្ទឹមនឹងថ្ងៃដ៏វិសេស ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ លោកក៏បានប្រារព្ធពិធី ចំណងអាពាហ៍ពិពាហ៍របស់លោក បានឈានចូលអាយុកាល ៤០ឆ្នាំហើយ ដែលរូបលោកបានឆ្លងកាត់ជាមួយនឹងភរិយា មានទាំងល្វីង ជូរ ចត់ គ្រប់រស់ជាតិនៃជីវិត។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ឯកឧត្តម ម៉ុង ឫទ្ធី ក៏បានរៀបរាប់ថា "ថ្ងៃស្អែកទី៨ខែ៨ឆ្នាំ២០១៨ដែលត្រូវជាថ្ងៃគម្រប់ខួប៤០ឆ្នាំ កាលពីថ្ងៃទី៨ខែ៨ឆ្នាំ១៩៧៨ ដែលរបបអាវខ្មៅចាប់បង្ខំអោយរៀបការ១៣គូរ នៅភូមិត្រពាំងស្តុក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ខ្ញុំនឹងធ្វើពិធីគម្រប់ខួបនេះតូចមួយនៅលើភ្នំសែនដី" ។













