ភ្នំពេញៈ បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលនោះ បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ក្នុងជម្លោះពាក្យសម្តីមួយនៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ៕ បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលនោះ ត្រូវបានគេបានគេស្គាល់ថា មានឈ្មោះ លន់ ស៊ីវធេង។ ដោយឡែកបើតាមបុរសដែលត្រូវបានគេដកកាំភ្លើងគំរាមបាញ់នេះ បានអះអាងថា នៅមុនពេលកើតហេតុរូបគេ និងមិត្តភក្តិបានជិះម៉ូតូនៅតាមផ្លូវស្ងាត់មួយ ស្រាប់តែក្រុមបុរសអះអាងខ្លួនថាជានគរបាលនេះបានជិះម៉ូតូដេញពីក្រោយ ហើយស្រែកថាចោៗ ហើយជិះតាមពួកគេរហូត។ បុរសដែលត្រូវដកកាំភ្លើងគំរាមបាញ់នេះ បានបន្តថា បន្ទាប់ពីឃើញដូចនោះពួកគេភ័យ ហើយក៏ជិះម៉ូតូរត់មករកកន្លែងមនុស្សច្រើន ដើម្បីការពារខ្លួនតែម្តង។ ប្រជាពលរដ្ឋដែលបានឃើញសកម្មភាព របស់បុរស ដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលរូបនេះ បាននាំគ្នារិះគន់យ៉ាងចាស់ដៃ ចំពោះសកម្មភាពនេះ ព្រមទាំងបានអំពាវនាវឲ្យថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ មេត្តាស្រាវជ្រាវរករឿងហេតុពិត ៕



