អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន កំពុងចាត់វិធានការ​ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការស្រាវជ្រាវ ជាបន្ទាន់ករណីជនអនាមិក Hack ចូល Facebook របស់សម្ដេចតេជោ ហ៊ុន សែន
-

ភ្នំពេញៈ ពិតជាថ្លើមធំមែន គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុន នេះបើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ។

ជាមួយនឹងការប្រកាស ពីការលួចចូលទៅគ្រប់គ្រង របស់ក្រុមជនអនាមិកនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ លោក ឌួង ដារា ក៏បានច្រានចោលព័ត៌មាន ដែលបានបង្ហោះថា មានការបែងចែកអាសនៈ ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។