ខូចឈ្មោះប្រុសអស់ហើយបិុអើយបិុ!!! នាំខាងស្រីទៅលេង​ផ្ទះ​បងស្រី​​នៅ គៀន​ឃ្លាំង ពេលត្រលប់មកវិញ ឆ្លៀតពេលបានសារភាពស្នេហ៏ តែខាងស្រី​ឆ្លើយ​បដិសេធថា រាប់​គ្នា​ជា​បងប្អូន​បាន​ហើយ គ្រាន់តែលឺពាក្យនេះហើយ អូសខាងស្រីចូលក្នុងបន្ទប់ជួល វ៉ៃទាត់ធាក់រងរបួសធ្ងន់
-

ភ្នំពេញៈ កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យ​ម្នាក់មានឈ្មោះអ៊ឹម ស៊ីថា អាយុ៣៤ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ៣៧MOZ តាម​បណ្តោយ​ផ្លូវ​លេខ១៥៤ ភូមិ៩ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ។ បានប្រើ​ហិង្សា​ទៅលើ​ស្ត្រី​រងគ្រោះម្នាក់ មានឈ្មោះ អ៊ុង សុភ​ក្ត្រ អាយុ៣៧ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៣៥MZ តាម​បណ្តោយ​ផ្លូវ​លេខ១៧៤ ភូមិ១៤ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ រងរបួស​ភ្នែក​ទាំងសងខាង ជាំ​ច​ង្កះ មួយ​ចំហៀង​ខាងឆ្វេង​ធ្ងន់ធ្ងរ។

នៅមុនពេលកើតហេតុ ជនសង្ស័យ​និង​ជនរងគ្រោះ បាន​រាប់អាន​គ្នា​យូរ​មកហើយ ហើយជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅលេង​ផ្ទះ​បងស្រី​របស់ខ្លួន​នៅ គៀន​ឃ្លាំង ។ លុះ​ពេល​ជិះ​ម៉ូតូ​រ៉ឺម៉ក​ត្រលប់មក​ផ្ទះ​វិញ ជនសង្ស័យ​ខាងលើ បានសារភាពថា​​ សុំ​ស្រឡាញ់​ស្ត្រី​រងគ្រោះ​ធ្វើជា​ប្តី​ប្រពន្ធ​នឹង​គ្នា ប៉ុន្តែ​ពេលនោះ​ស្ត្រី​រងគ្រោះ​ក៏បាន​ឆ្លើយ​បដិសេធថា រាប់​គ្នា​ជា​បងប្អូន​បាន​ហើយ ស្រាប់តែ​រូបគេ​ខឹង បានធ្វើ​សកម្មភាព​ទះកំផ្លៀង​នាង៣ដៃ នឹង​បាន​ឲ្យ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទៅ​ផ្ទះជួល​របស់ខ្លួន គ្រាន់តែ​ម៉ូតូ​រ៉ឺម៉ក​ឈប់​ភ្លាម​បុរស​រូប​នោះ បាន​អូស​ដៃ​នាង​ចូល​បន្ទប់​រួច វាយយកៗបណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​គេចខ្លួនបាត់អស់​រយៈពេល​មួយ​សប្ដាហ៍​។ បន្ទាប់មក​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឲ្យ​មក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូត​នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ត្រី​រងគ្រោះ​បានចេញ​ពី​មន្ទីរពេទ្យ​ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ ជួយ​អន្តរាគមន៍​ តាម​ចាប់​ជនសង្ស័យ​យកមក​ដាក់ទោស​តាមច្បាប់។ ជនសង្ស័យ​ឈ្មោះ អ៊ឹម ស៊ីថា កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕