ភ្នំពេញ៖ ជារឿងមួយគួឲ្យកោតសរសើរយ៉ាងខ្លាំង ហើយក៏ជារឿងមួយដែលខ្មែរគ្រប់រូបក៏គួរចងចាំឬក៏យកគំរូតាមផងដែរ ខណៈដែលនារីជាជនជាតិជប៉ុន បែរជាខឹតខំតាំងចិត្តហ្វឹកហាត់របាំបុរាណខ្មែរ ក្នុងចេតនា នាំយកក្បាច់រាំជាព្រលឹងជាតិខ្មែរដ៏ទន់ភ្លន់ ទៅរាំបង្ហាញជាតិសាស្រ្តកំណើតរបស់គេបានឃើញ។ ជាការពិតណាស់ក៏ព្រោះតែហេតុនេះហើយទើបស្ត្រីជនជាតិជប៉ុនម្នាក់នេះ បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីហ្វឹកហាត់រៀនរបាំនោះរហូតបានចេះស្ទាត់ជំនាញ និងបានច្នៃប្រឌិតជារបាំថ្មីមួយ ដែលផ្អែកលើមូលដ្ឋាននៃបុរាណនេះទៀតផង។ទន្ទឹមនឹងនោះនាងក៏បង្ហាញពីអារម្មណ៍របស់ខ្លួនតារារយៈការផ្សព្វផ្សាយរបស់បណ្ដាញមសង្គមហ្វេសប៊ុកថា«ខ្ញុំចូលចិត្តខ្លាំងប្រភេទរបាំបែបមានឥទ្ធិពលផ្នែកស្មារតី។ កាលពីក្មេង ខ្ញុំជាក្មេងមានជំងឺច្រើនក៏បានស្វែងយល់ពីទម្រង់របាំជប៉ុន ហើយក៏បានដឹងដែរថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបរាងកាយយើងដោយសារតែបានហាត់ របាំនេះ»។ គាត់ក៏បានបង្ហើបពីប្រវត្តិនៃការហាត់រៀនរបាំបុរាណខ្មែរនេះបន្តថា«តាមពិតទៅ នាងខ្ញុំ បានចូលហាត់របាំបុរាណខ្មែរតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ហើយក៏បានរៀនបញ្ចប់ថ្នាក់មធ្យមផ្នែករបាំបុរាណនេះ មុនពេលនាងខ្ញុំបន្តទៅសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យផ្នែកជំនាញប្រវត្តិនៃសិល្បៈ។ តែបន្ទាប់ពីឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ នាងខ្ញុំតែងតែឡើងចុះៗប្រទេសជប៉ុន និងកម្ពុជាបាន ៤-៥ ដងផងដែរ ដើម្បីហ្វឹកហាត់បន្ថែមជំនាញរបាំបុរាណខ្មែរ ដែលបានរៀននោះឲ្យកាន់តែស្ទាត់ជំនាញ និងដើម្បីត្រៀមទុកសម្រាប់យករបាំនេះទៅបង្រៀន និងសម្តែងរបាំនៅឯប្រទេសជប៉ុនក្នុងពេលខាងមុខផងដែរ»។



