ថៃ៖ តារាសម្តែងដ៏ល្បីឈ្មោះមួយរូប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងការបោកលុយតាម Bitcoin ជិត១០០០លានបាត។ តារាសម្តែងដែលមានឈ្មោះថា Jiratpisit Jaravijit ហៅ(Boom)អាយុ២៧ឆ្នាំ ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងតាមរយៈរឿងភាគទូរទស្សន៍ "Bad Romance The Series" ដែលមានចំណងជើងថា"Nang Ai" និង"Naew Sutthai" នោះ ត្រូវបានគេរាយការណ៍ថា បានផ្សំគំនិតគ្នាជាមួយគ្នា៦នាក់ផ្សេងទៀត ដើម្បីបោកប្រាស់ជនបរទេសម្នាក់រស់នៅប្រទេសហ្វាំងឡង់ ឲ្យដាក់ប្រាក់ចំនួន៧៨៧ លានបាត (ជាង ២៤ លានដុល្លារ) ទៅក្នុង Bitcoin ដោយសន្យាថានឹងចាប់ផ្ដើមជំនួញលើ Bitcoin នេះជាមួយគ្នា។ ជនរងគ្រោះមានឈ្មោះថា Aarni Otava Saarimaa អាយុ ២២ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ងាធរ ប្រទេសថៃកាលពីថ្ងៃទី៣០ ខែមករា រយៈពេល៦ខែក្រោយ លោកធ្វើកិច្ចសន្យាជាមួយនឹងតារាសម្តែងJiratpisit និងបក្សពួករបស់លោក។ ក្រោយពីធ្វើការស៊ើបអង្កេតរួចមក ខាងប៉ូលីសបានចុះធ្វើការឃាត់ខ្លួនតារាប្រុសរូបនេះភ្លាមៗ អំឡុងពេលកំពុងថត រួមនឹងបងប្អូនគេចំនួន២នាក់ ដែលជាជនសង្ស័យ។ ជនសង្ស័យចំនួន៤នាក់ ទៀត ត្រូវបានឲ្យដឹងថា ជាសសហគ្រិននៅឯទីផ្សារភាគហ៊ុនរបស់ប្រទេសថៃ។ បើតាមប៉ូលិសបានបញ្ជាក់ដែរថា ជនសង្ស័យខ្លះ បច្ចុប្បន្នមិនបាននៅក្នុងប្រទេសថៃនោះទេ។ ជាមួយគ្នានេះ ប៉ូលីសក៏បានអះអាងថា បងប្អូនរបស់តារាប្រុសរូបនេះជាប់ចោទ មានដីជាច្រើនប្លង់សរុបជាទឹកប្រាក់ជាង៦លានដុល្លាអាមេរិក ក៏ត្រូវបានសង្ស័យថាជាដីដែលបានមកពីការឆបោកនេះផងដែរ។ យ៉ាងណាមិញ ខណៈនេះ Jiratpisit “Boom” Jaravijit ធានាខ្លួនឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយតម្រូវឲ្យបង់ប្រាក់ជាង ៦ម៉ឺនដុល្លារ និងកំពុងរង់ចាំការកាត់ក្ដី។ គួរបញ្ជាក់ផងដែរថា តារាសម្ដែង Jiratpisit ត្រូវបានប៉ូលីសឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅឯផ្សារទំនើប Major Cineplex Ratchayothin ក្នុងទីក្រុងបាងកក៕
ប្រភព៖ nextshark