រន្ធត់មែន!!! រថយន្ត៤គ្រឿង បុកគ្នានៅផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ
-

ព្រះសីហនុៈ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត​ ១គ្រឿង​ម៉ាក​ SSANG YONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2T-4080 បើកបរ​ដោយ​ឈ្មោះ​ ញ៉ែម​ សារ៉ុន​ ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ​ មានទីលំនៅ​ស្រុក​ទន្លេ​បាទី​ ខេត្ត​តាកែវ។​ មានអ្នករួមដំណើរ​ម្នាក់​ ភេទ​ស្រី​ មានទិសដៅ​ចូលក្រុង​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បុក​ពីខាង​ក្រោយ​រថយន្ត​កូរ៉េ ​(តួរីស) ១គ្រឿង ​ម៉ាក​ TITAN ពណ៌​ខៀវ​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2U-6403 បើកបរ​ដោយ​ឈ្មោះ​ ស្រ៊ាង​ ចែ​ ភេទ​ ប្រុស​ អាយុ​ ៤១ឆ្នាំ​ មានទីលំនៅ​ឃុំ​ព្រែកថ្មី​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល។​ មានទិសដៅ​ស្របគ្នា​ បន្ទាប់​មក​រថយន្ត​កូរ៉េ​បាន​ខ្ទាត​មក​បុក​​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ រួចបន្ត​ទៅ​បុក​រថយន្ត​កុងតឺន័រ​ ១គ្រឿង​ទៀត​ម៉ាក​ VOLVO ពណ៌ស​ ពាក់ផ្លាកលេខ​ភ្នំពេញ ​3C-4496 ដែល​ខូច​ចតស្ងៀម​ អ្នកបើកបរ​ឈ្មោះ​ ស៊ឹម​ វី​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​ខេត្ត​កំពង់ស្ពឺ​។

ក្រោយ​មកទៀត​ក៏​មាន​រថយន្ត​កុងតឺន័រ​ ១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 3A-1284 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ អ៊ូរល័រ​ មានទិសដៅ​ពី​ចូលក្រុង​ព្រះសីហនុ​ មកដល់ចំណុចកើតហេតុ ​បាន​ឃើញ​ករណី​គ្រោះថ្នាក់​នៅ​ខាង​មុខ​ ក៏បាន​ជាន់​ហ្វ្រាំង​ធ្វើអោយរថយន្តរអិល​ក្រឡាប់​ធ្លាក់​ពី​លើ​ផ្លូវ​តែម្ដង​។
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ៣នាក់​ ក្នុងនោះស្រី​១នាក់​ ១.ឈ្មោះ​ ញ៉ែម​ សារ៉ុន​ អ្នកបើកបរ ​រថយន្ត ​SSANG YONG រងរបួស​ជើង​។ ២.មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ភេទ​ស្រី​ អ្នករួម​ដំណើរ​លើ​រថយន្ត ​SSANG YONG ​ រងរបួស​ស្រាល​។ ៣.អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ HYUNDAI ក្រុមហ៊ុន​អ៊ូរល័រ​ រងរបួស​មធ្យម​។