(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ថវិកាជាតិសម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញដើម្បីពង្រឹងវិស័យការពារជាតិ ហើយការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិនេះ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរៀបចំក្នុងការធ្វើ ការពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ពទៅថ្ងៃខាងមុខ ដើម្បីបង្កើនប្រសិទ្ធភាពកងទ័ព ឫអាចនិយាយថា ការធ្វើ «ទំនើបកម្មកងទ័ព» ដែលការទំនើបកម្មនេះត្រូវការធ្វើទំនើបកម្ម ៣យ៉ាង មានដូចជា៖ ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មសមត្ថភាពបំពាក់។

ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះថា «កត្តាពាក់ព័ន្ធនឹងថវិកាជាតិ យើងត្រូវពិនិត្យក្នុងការគិតគូរ ក្នុងការបង្កើនថវិកាការពារជាតិក្នុងកម្រិតណាមួយ, ក្រោយពីសង្គ្រាម ក្រោយពីនយោបាយឈ្នះឈ្នះ យើងបានបង្វែរថវិកាការពារជាតិរបស់យើងមួយចំនួនធំ កាត់បន្ថយទៅជាថវិកាសម្រាប់បង្កើនទៅលើការចំណាយសង្គម អភិវឌ្ឍន៍ធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាអាទិភាព [..] ឥលូវយើងចាប់ផ្តើមបន្តទៀត ចឹងការគិតគូរពីថវិកាជាតិ នៅក្នុងវិស័យការពារជាតិត្រូវសំខាន់ ប៉ុន្តែត្រូវចាយឱ្យបានចំគោលដៅ ការធ្វើរចនាសម្ព័ន្ធត្រូវឱ្យចំគោលដៅ និងឱ្យស្រមតាមសំណូមពរភារកិច្ច និងបេសកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការប៉ុនប៉ងឈ្លានពាននានា»។

សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការការពារជាតិ ការកសាងកងទ័ពរបស់យើង មិនមែនសម្រាប់ទៅវាយដណ្តើមដីនណានោះទេ ប៉ុន្តែដើម្បីការការពារទឹកដី ដែលនេះគឺជាបេសកកម្មរបស់យើង ដូចនេះហើយរចនាសម្ព័ន្ធរបស់យើងត្រូវតែកែរសម្រួលឡើងវិញ៕
