លោកឧត្ដមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ដកហូតដំណែងលោក​ សន​ និល​ មកនៅការិយាល័យបុគ្គលិក​ ហើយបានតែងតាំងលោក​ ផាន់​ ឡុង​ អធិការ​រងទទួលបន្ទកសណ្ដាប់ធ្នាប់​ ឡើងជាអធិការស្ដីទី
-

បាត់ដំបងៈ នៅព្រឹកថ្ងៃទី​២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ខ្ញុំបាទ​ រួមទាំងបងប្អូនក្រុមការងារមនុស្សធម៌ប្រចាំខេត្តបាត់ដំបង​ បានចុះទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយលោកអធិការ​ស្រុករតនៈមណ្ឌល​ ចាប់ជំរឹតទាប្រាក់ នៅ​ភូមិត្រែង​ ឃុំ​ផ្លូវ​មាស​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ និងបាននាំយកថវិកាចំនួន​ ៥០មុឺន​រៀល ​ទៅជូនគ្រួសារគាត់ដែលមានជីវភាពក្រីក្រ​ ។​

បន្ទាប់ពី​ចេញពីជួបប្រជាពលរដ្ឋ​ខ្ញុំបានឆ្លៀតមកជួប​លោកឧត្ដមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ លោកឧត្ដមសេនីយ៍​ទោ​ស្នងការ​ បានអោយដឹង​ថា​ លោកមិនយោគយល់ចំពោះកំហុសឆ្គងរបស់លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាលស្រុករតនៈមណ្ឌល​ ដែលធ្វើបាបរាស្ត្រនោះទេ​។​
បន្ទាប់ពី​ផ្ទុះរឿងអាស្រូវនេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ បានបញ្ជាអោយ​លោក​ សន​ និល​ យកលុយមកប្រគល់ជូនជនរងគ្រោះវិញជាបន្ទាន់​។​ នៅរសៀលថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ លោក​សន​ និល​ បានយកថវិកាចំនួន​ ១២០០​ដុល្លារ​ ដែលលោកជំរឹតយកពីប្រជាពលរដ្ឋស្លូតត្រង់គ្មានកំហុសមកប្រគល់ជូនប្រជាពលរដ្ឋវិញ​។​
បន្ទាប់ពី​លោក​សន​ និល​ បានប្រគល់លុយជូនជនរងគ្រោះវិញ​ លោកឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ បានដកលោក​ សន​ និល​ មកនៅការិយាល័យបុគ្គលិក​ ហើយបានតែងតាំងលោក​ ផាន់​ ឡុង​ អធិការ​រងទទួលបន្ទកសណ្ដាប់ធ្នាប់​ ឡើងជាអធិការស្ដីទី​ បណ្ដោះអាសន្ន​រង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គស្នងការ​ និង​ក្រសួងមហាផ្ទៃ​។​
ពេលនេះលោកវរៈសេនីយ៍ឯក​ សន​ និល​ បានស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដើម្បីរង់ចាំក្រុមការងារស្រាវជ្រាវសាកសួរកសាងសំណុំរឿងសុំយោបល់ទៅថ្នាក់ដឹកនាំខាងលើ​ ៕
ប្រភពៈ Pheng Vannak News