លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សំដែងទុក្ខដ៏ក្រៀមក្រំ ក្រោយបាត់បង់មន្ត្រីនគរបាលចរាចរណ៍ម្នាក់ នៅព្រឹកមិញនេះ
-

រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ម្នាក់ បានដួលដាច់សរសៃឈាម ស្លាប់គួរឱ្យអាណោចអាធ័មភ្លាមៗ ខណៈកំពុងសម្រួលចរាចរណ៍ផ្លូវជើងគោក នៅតាមបណ្តោយមហាវិថី សហពន្ធ័រស្ស៊ី ដែលស្ថិតនៅក្នុងភូមិ តាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។


មន្រ្តីនគរបាលដែលបានស្លាប់បាត់បង់ជីវិត ខណៈបំពេញតួនាទីខាងលើ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោឈ្មោះថា . នៅ បូរិន ភេទប្រុស អាយុ៥០ឆ្នាំជាង មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សពរបស់លោកត្រូវបានយកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។


គ្រោះដោយឧបត្តិវហេតុនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងកងកម្លាំងនគរបាលទាំងអស់ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សំដែងនូវការសោកស្តាយ អាឡោះអាល័យ ដោយចងចាំមិនភ្លេចនៅវីរភាព និងស្នាដៃរបស់លោកកន្លងមក ក្នុងការបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងជូនជាតិមាតុភូមិ ៕



ដោយៈភារ៉ា