មាស សុខសោភា ប្រកាសស្វែងរកយុវជន មានស្នាដៃតែងនិពន្ធបទចម្រៀងថ្មីៗ ដើម្បី «ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី»
-

ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា នៅតែក្តោបឱកាសទីផ្សារការងារជាច្រើនក្នុងដៃ ស្ទើជិតពេញមួយឆ្នាំនេះហើយគេរំពឹងថានាងនឹងនៅតែបន្តទទួលបានឱកាសការងារជាច្រើន តាមរយៈសមត្ថភាពច្រៀង។ ថ្មីៗនេះនាងបានប្រកាសបញ្ចេញកម្មវិធីប្រកួតប្រជែងមួយ ដើម្បីស្វែងរកយុវជនមានស្នាដៃតែងនិពន្ធបទចម្រៀងថ្មី។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ អ្នកនាង មាស សុខសោភា បានបង្ហោះសារប្រកាសរើសបេក្ខភាពចូលរួមកម្មវិធី «ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី» ដែលនៅក្នុងនោះ អ្នកនាងនឹងជ្រើសរើសបេក្ខភាពចំនួន រូបជាអ្នកជាប់ការប្រកួត និងធ្វើការបកស្រាយបទចម្រៀងនោះដោយផ្ទាល់ ព្រមទាំងឱ្យមហាជនជាអ្នកបោះឆ្នោតសម្រេចវាសនាបេក្ខភាពទាំង៥ ជាប់ជាម្ចាស់ជយលាភីផងដែរ។

សូមជម្រាបថា ចំពោះកវីដែលមានចំណង់ចំណូលតាក់តែងនិពន្ធបទថ្មី និងចង់បង្ហាញស្នាដៃរបស់ខ្លួនឱ្យមហាជនបានទទួលស្គាល់ ព្រមទាំងចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងនោះ អាចផ្ញើស្នាដៃរបស់ខ្លួនចូលទៅក្នុងប្រអប់សារ ( Inbox ) របស់ផេចតារាស្រីរូបនេះផ្ទាល់ បេក្ខជនត្រូវមានស្នាដៃតែងនិពន្ធថ្មីដែលមិនថតចម្លង ពោលគឺ ស្នាដៃកូនខ្មែរ។

​គួរបញ្ជាក់ដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាចម្រៀងមាស សុខសោភា បានប្រកាសបញ្ចប់ការច្រៀងបទចម្រៀងចម្លង ហើយនាងទទួលបានការគាំទ្រកាន់តែច្រើន ព្រោះតែបទចម្រៀងថ្មីដែលជាទឹកដៃនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងរបស់កូនខ្មែរ កាន់តែសម្រិតសម្រាំងជាពិសេសសម្រាប់តារាចម្រៀងរូបនេះ។ ការជ្រើសរើសកវីនិពន្ធឆ្នើមថ្មីនេះក៏នឹងពង្រីឱកាសសម្រាប់យុវជនជំនាន់ក្រោយ ដែលមានស្នាដៃនិពន្ធបទចម្រៀងល្អៗ សម្រាប់តារាចម្រៀងរូបនេះច្រៀងបន្តផងដែរ៕