ខំតែទុក្ខចិត្ត ស្មានតែជាមនុស្សល្អ ដឹងអី ស៊ីដាច់ម៉ូតូបាត់...
-

ខេត្តក្រចេះ៖ កាលពីរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយពីទទួលពាក្យបណ្តឹងពីម្ចាស់ម៉ូតូ ដោយសង្ស័យត្រូវជាមិត្តភ័ក្តិ បានខ្ចីម៉ូតូទៅ តែមួយភ្លែតទេ តែបាត់រហូតដល់ទៅមួយអាទិត្យ ហេតុការណ៍បានកើងឡើងនៅមុខផ្សារសាមគ្គីភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។


ជនសង្ស័យ ឈ្មោះ ជាប ម៉េងហ៊ង ហៅម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ជនរងគ្រោះ​ឈ្មោះ ប៉ាងស៊ី​ដា មុខរបរ សន្តិសុខក្រុមហ៊ុនទូរស័ព្ទ(SeaTel)។


សមត្ថកិច្ចបានប្រាប់ថា កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ បានទៅកន្លែងធ្វើការយាមជា សន្តិសុខក្រុមហ៊ុនទូរស័ព្ទ (SeaTel) នៅមុខផ្សារសាមគ្គីក្រុងក្រចេះដូចរាល់ដង រហូតដល់វេលាម៉ោងប្រហែលជាង២រសៀល ជនសង្ស័យ​បានមកខ្ចីម៉ូតូរបស់ខ្លួន មិនប្រាប់ថា យកទៅណាទេ ហើយបានយកម៉ូតូមកឲ្យ​ខ្លួនវិញ លុះដល់ម៉ោងប្រហែល៧យប់ ជនសង្ស័យ​បានមកខ្ចីម៉ូតូរបស់ខ្លួន ម្តងទៀត រួចយកទៅបាត់ រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតែមិនឃើញ យកម៉ូតូមកឲ្យ​ខ្លួនវិញ ទើបខ្លួនមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ឲ្យឃាត់ខ្លួនតែម្ដង។


ជនសង្ស័យឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ដោយ៖ ភារ៉ា