រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១០និង២០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បុរសម្នាក់បានត្រូវគេសង្ស័យមានបញ្ហាគ្រួសារ ឬ មានវិបត្តិអ្វីមួយហើយ បានជិះម៉ូតូមួយគ្រឿងទៅឈប់លើស្ពានជ្រោយចង្វារ ហើយក៏លោតទឹកសម្លាប់ខ្លួន តែត្រូវអ្នកនេសាទជួយសង្រ្គោះទាន់ពេល ដែលហេតុការណ៍នេះបានកើនឡើងនៅលើស្ពានជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បុរសគិតខ្លីរូបនោះមានឈ្មោះថា ឈ្មោះ លឹម សម្បត្តិ អាយុ៣០ឆ្នាំ ជាអ្នកលក់ផលិតផលប្រេងក្រឡា មានលំនៅផ្ទះលេខ៧អា ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមប្រភពពីកន្លែងកើតហេតុ គេឃើញបុរសខាងលើបានជិះម៉ូតូម៉ាកធូដេ ពណ៌ទឹកប៊ិច មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ១CJ- ៣០៨៦ ពេលបើកទៅភ្លាមក៏ឈប់ម៉ូតូ រួចក៏លោតទឹកសម្លាប់ខ្លួនតែម្តង។

បើតាមការសារភាពរបស់បុរសខាងលើបានប្រាប់ឲ្យដឹងថា មូលដែលបណ្តាលឲ្យគាត់ធ្វើអត្តឃាតនេះ គឺដោយសារតែបញ្ហាក្នុងគ្រួសារ និងជំពាក់ប្រាក់គេ ១១០ដុល្លារ។ គ្រាន់តែឆ្លើយបានតែប៉ុននេះ បុរសរូបនោះ មិនបានបន្តទៀតឡើយ គិតតែពីអង្គុយខ្ចប់មុខ មិននិយាយស្តី ។

យ៉ាងណាមិញ សមត្ថកិច្ចបានធ្វើការទាក់ទងទៅក្រុមគ្រួសារគាត់ហើយ ដើម្បីមកទទួលជនរងគ្រោះយកទៅលំនៅឋានវិញ៕
ដោយ៖ ភារ៉ា