ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ ទូរស័ព្ទ IPhone 6Plus ពីដៃនិស្សិតស្រីម្នាក់ បានសម្រេច តែសំណាងមិនល្អត្រូវ ម្ចាស់ទូរស័ព្ទជិះដេញផង ស្រែកផង លុះដល់ចំណុចស្ថានីយ៍ប្រេងPTTភូមិថ្នល់បំបែក សន្តិសុខសាលាខណ្ឌ ពលរដ្ឋ ដេញទាន់ ស្រែកព័ទ្ធចាប់បាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ យកទៅចាត់ចែងតាមនីតិវិធី។ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចដងនង្គ័ល ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈឿង ហៃវាសនា អាយុ២៦ឆ្នាំ មុខរបរចោរឆក់ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ឆេងលាប អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក IPhone 6Plus ពណ៌ខ្មៅ។

នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ ជិះម៉ូតូ តាមផ្លូវសហព័ន្ធពីលិចទៅកើត លុះដល់ចំណុចខាងលើ ត្រូវបានជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0330 មកឆក់យកទូរស័ព្ទពីដៃ បានសម្រេចហើយ ពេលនោះជនសង្ស័យ ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ក្នុងគោលបំណងរត់គេចចូលផ្ទះ ប៉ុន្តែផ្ទះក្មេងរងគ្រោះនៅក្បែរនោះដែរ ទើបជិះម៉ូតូដេញតាម លុះជិះដេញដល់ផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ មុខស្ថានីយ៍ប្រេងPTTភូមិថ្នល់បំបែក ជនសង្ស័យចូលផ្ទះមិនកើត ដោយសារ ជនរងគ្រោះ សន្តិសុខសាលាខណ្ឌ និងពលរដ្ឋ ដេញទាន់ ស្រែកព័ទ្ធចាប់បាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣តែម្តង។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី ៕

ដោយ៖ ភត្រ្តា