ទម្លាប់អាក្រក់ ៣ យ៉ាងដែលអាចបំផ្លាញថ្លើមរបស់អ្នក
ណារ៉ា
-

ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយ ហើយក៏សំខាន់បំផុត សម្រាប់ជីវិតរស់នៅដែរ។ ថ្លើម ស្ថិតនៅផ្នែកខាងលើឈាងខាងស្តាំនៃពោះ និងមានមុខងារយ៉ាងច្រើនដូចជា ច្រោះជាតិពុល សំយោគប្រូតេអ៊ីន និងផលិតសារធាតិគីមីជីវសាស្ត្រជាច្រើនទៀត។ ថ្លើម ក៏ជាអ្នកជួយទ្រទ្រង់ ដល់សរីរាង្គផ្សេងៗក្នុងរាងកាយដែរ ដូច្នេះ សុខភាពរបស់ថ្លើម គឺសំខាន់ដូចគ្នានឹងសុខភាពរបស់រាងកាយទាំងមូលអញ្ចឹង ហើយសព្វថ្ងៃនេះ ក៏គ្មានសរីរាង្គសប្បនិម្មិតណា អាចជំនួសមុខងាររបស់ថ្លើមនេះបានដែរ។

ថ្លើម អាចនឹងរងការខូចខាត ដោយសារតែទម្លាប់អាក្រក់ និងផលវិបាកជាច្រើន ដែលអាចផ្តល់ជាហានិភ័យដ៏ធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី រឿងមួយដែលគួរឲ្យចាប់អារម្មណ៍ ចំពោះថ្លើមអ្នកនោះគឺថា វាមានសមត្ថភាពមួយគឺអាចលូតលាស់ឡើងវិញបាន។ ដូច្នេះ ចូរធ្វើយ៉ាងណា ផ្លាស់ប្តូររបៀបរស់នៅ ដើម្បីរក្សាសុខភាពរបស់ថ្លើមផង។ ខាងក្រោមនេះ គឺជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចផ្តល់ភាពគ្រោះថ្នាក់ ដល់ថ្លើមអ្នកបាន។

ញ៉ាំគ្រឿងស្រវឹងច្រើនពេក

នេះគឺជាមូលហេតុដោយផ្ទាល់ និងចម្បងគេបំផុតមួយនៃការខូចថ្លើម។ ជំងឺដែលបណ្តាលមកពី ការញ៉ាំគ្រឿងស្រវឹងច្រើនៗបែបនេះ មានដូចជា រលាកថ្លើមដោយសារគ្រឿងស្រវឹង ខ្លាញ់រុំថ្លើម និងក្រិនថ្លើម។ គ្រឿងស្រវឹង គឺជាជាតិពុល ហើយបើកាលណាអ្នកញ៉ាំវាច្រើន មានតែថ្លើមទេ ជាអ្នករ៉ាប់រងលើជាតិពុលនេះធ្ងន់ធ្ងរជាងគេង។

របបអាហារមិនល្អ និងធាត់ជ្រុល

របបអាហារមិនល្អ អាចបង្កគ្រោះថ្នាក់ដល់ថ្លើមបន្តិចម្តងៗ រហូតដល់ធ្វើឲ្យវា មានភាពពិបាកកាន់តែខ្លាំង ក្នុងការច្រោះជាតិពុល។ ជាមួយគ្នានេះដែរ ការកើនឡើងចំនួនជាតិខ្លាញ់ជុំវិញថ្លើម អាចនាំឲ្យមានជំងឺខ្លាញ់រុំថ្លើម ដោយសារមិនមែនគ្រឿងស្រវឹងបាន។ ដូច្នេះ ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរ អ្នកគួរតែសម្រកទម្ងន់ខ្លះ ដោយការហាត់ប្រាណ និងផ្លាស់ប្តូររបបអាហារមកញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនវិញទៅ។

ជក់បារី

ការជក់បារី មិនត្រឹមតែប៉ះពាល់ដល់សួតប៉ុណ្ណោះទេ តែក៏គ្រោះថ្នាកដល់ថ្លើមដែរ។ សារធាតុពុលជាច្រើន ដែលស្រូបចូលក្នុងសួត តាមរយៈផ្សេងបារី នឹងជ្រៀបចូលទៅក្នុងថ្លើម។

សម្រួលអត្ថបទ៖ ខ្ទឹមស