នៅព្រឹកថ្ងៃទី១២តុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) - ធនាគារពិភពលោក(World Bank) ដែលបានប្រារព្វពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និសីទបាលីនូសាឌួ តំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានការអញ្ជើញចូលរួមពី ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមូលនិធិរូបិយវត្ថុអន្តជាតិ ប្រធានធនាគារពិភពលោក និងមានការចូលរួមពីប្រតិភូ ប្រមាណ ៣ពាន់៥០០នាក់ មកពី១៨៩ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គការសង្គមស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១ម៉ឺន៥ពាន់នាក់។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេសហ្វាំងឡង់ និងជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តជាតិ និងធនាគារពិភពលោក និងសុន្ទរកថាឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី បានធ្វើការគូសបញ្ជាក់រួមគ្នាថា កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF - ធនាគារពិភពលោក World Bank នេះគឺពិតជាបានចែករម្លែក នូវទស្សនវិស័យ ផ្ដល់បច្ចុប្បន្នភាព ស្ដីអំពីស្ថានភាព សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការឆ្លុះបញ្ចាំងអំពីទិសដៅអនាគតសម្រាប់អាស៊ាន ដើម្បីបង្ហាញពីភាពដឹកនាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។
តាមរយៈកិច្ចសន្ទនានេះ អាស៊ាននិងស្ថាប័នពិភពលោក នឹងបង្កើតបានកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំដៅនាំមកនូវ ជោគជ័យលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឈ និងធានាបានថាអត្ថប្រយោជន៍នៃសមាហរណកម្មសេដ្ឋកិច្ចសកល ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។ ម្យ៉ាងវិញទៀតវេទិកាជំនួបថ្នាក់ដឹកនាំអាស៊ាន បានបង្ហាញពីភាពជាអ្នកដឹកនាំរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការរឹងមាំ នៅក្នុងការគ្រប់គ្រងកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវវិបុលភាព និងសមធម៌ ក៏ដូចជាការផ្តល់នូវការរីកចម្រើន ក្នុងការសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការគាំទ្រតួនាទីរបស់ IMF WB និង UN ក្នុងការដោះស្រាយបញ្ហាប្រឈមនានា៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister