វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៨,៨៣២ លាននាក់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ដោយកើនឡើង ៥៨,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។

យោងតាមការិយាល័យស្ថិតិទូទៅ ចំនួននេះបង្ហាញថា ភ្ញៀវទេសចរបរទេសចូលទៅវៀតណាម បានកើនលើសកម្រិតមុនវិបត្តិជំងឺរាតត្បាតកូវីដ១៩ ប្រមាណ ៤,១ ភាគរយ (ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩)។
ក្នុងខែមិថុនា ភ្ញៀវទេសចរអន្តរជាតិចំនួន ១,២ បានមកដល់វៀតណាម ដោយកើនឡើង ២៨,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ប៉ុន្តែទាបជាងកំណើន ៥១ ភាគរយក្នុងខែឧសភា។

ទិន្នន័យដដែលរបស់ការិយាល័យបង្ហាញថា កូរ៉េខាងត្បូងបន្តនាំមុខគេក្នុងចំនួនភ្ញៀវទេសចរទៅវៀតណាម ក្នុងចំនួន២,២៨លាននាក់ ហើយបន្ទាប់មកគឺចិន (១,៨៩លាននាក់)។ ក្រៅពីនេះ ភ្ញៀវទេចរភាគច្រើនមកពីតៃវ៉ាន់ សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា កម្ពុជា និងថៃ។
ការិយាល័យ បានពន្យល់ពីកំណើននេះ ដោយលើកឡើងថា៖ « គោលនយោបាយទិដ្ឋាការអំណោយផល និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍តាមតំបន់នានាទូទាំងប្រទេស បានទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើន បើធៀបនឹងចំនួនឆ្នាំមុន»។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានពី ១៧ ទៅ ១៨ លាននាក់ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងគោលដៅ ១២,៦ លាននាក់ក្នុងឆ្នាំ ២០២៣។
គេមើលឃើញថា កន្លងមក រដ្ឋាភិបាលវៀតណាមបានប្រឹងប្រែងការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដោយរួមមានទាំងការរៀបចំកម្មវិធីផ្សេងៗក្នុងបណ្ដាប្រទេសអឺរ៉ុបដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូងជាដើម៕