បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលខ្លឹមសារទាំងនេះគឺជារឿង (មិនពិត) ហើយបានបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ផ្តើមចេញពីបញ្ហានេះឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន- ក្រុមការងារបណ្តាញសង្គម ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល-កម្រិតធ្ងន់ -កម្លាំងបង្ការបង្រ្កាបនៃស្នងការដ្ឋាន -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ -ស្រុកសង្កែ និងស្រុកមោងឬស្សីដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះរហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ សុខ ធារ: ហៅណុល កញ្ញាឬ បញ្ញាភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមរយ:ភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន ជនសង័្សយខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) ហើយយករូបអ្នកផ្សេងដែលខ្លួនមាន (គំនំជាមួយ) មកដាក់ក្នុងគណនីហ្វេសប៊ុក ធ្វើជាម្ចាស់គណនី ហើយបង្ហោះខ្លឹមសារ និងរូបភាពបរិហារកេរ្តិ៍ចំពោះឧត្តសេនីយ៍ទោ អ៊ុច សុខុន ដើម្បីទម្លាក់កំហុសទៅម្ចាស់គណនីហ្វេសប៊ុកនោះតែប៉ុណ្ណោះ ប៉ុន្តែទីបំផុតសកម្មភាពប្រឌិតរឿងដើម្បីទម្លាក់កំហុសទៅអ្នកដ៏ទៃនេះ ត្រូវបានសមត្ថកិច្ចនគរបាលបំបែកសំណុំរឿងវែកមុខឃើញហើយ។ ជនសង្ស័យរូបនេះ និងភស្តុតាងនានា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕



