អភិបាលខណ្ឌដង្កោ បើកពិធីស្ថាបនាផ្លូវបេតុង២ខ្សែ មានប្រវែងសរុប៨០៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក
-

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ មានប្រវែងសរុប ៨០៦ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក។ ដោយខ្សែទី១ ប្រវែង ៤៥៥ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង និងខ្សែទី២ ប្រវែង៣៥១ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក។

លោកអភិបាលខណ្ឌ បានធ្វើការលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នាក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មី ០២ខ្សែ ក្នុងសង្កាត់ទាំង២នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។

លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។

លោកអភិបាលក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឲ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

បងប្អូនប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ហើយផ្លូវទាំង០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងច្រើន៕

ដោយៈ ភារ៉ា