កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខណៈពេលនេះ កម្មករ កម្មការិនី ប្រមាណជិត ១០០នាក់ / ១០,០០០នាក់ មានអាការៈភិតភ័យ ដោយតែមានបងប្អូនកម្មករ កម្មការិនី ម្នាក់ឈ្មោះ យ៉េង សុីឌីម ភេទស្រី អាយុ៣៤ឆ្នាំ អត្តលេខ Q201890570 ធ្វើការនៅក្រុម H8 ទើបតែនិងចូលធ្វើការថ្មី កាលពីថ្ងៃ 25,09,2018 សង្ស័យថាគាត់មានជំងឺប្រចាំកាយ បានធ្វើការស្រែកឡូឡាខ្លាំងៗ បណ្ដាលឲ្យកម្មករដទៃទៀត ដែលនៅក្បែរបានឃើញនិងឮ ក៏មានអារម្មណ៍ភិតភ័យ អ្នកខ្លះក៏បានរត់ចេញមកក្រៅ អ្នកខ្លះមានអាការៈស្ទើរខ្យល់ស្ទើរវិលមុខក៏បានទន់ ដៃទន់ជើង ដួលសន្លប់ងងឹតមុខ។

ក្នុងនោះកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចុះធ្វើការសម្របសម្រួលជួយសង្គ្រោះ កម្មករនៅក្នុងរោងចក្រ វីងស្តារស៊ូរ ផលិតស្បែកជើង ដែលបានដួលសន្លប់ប្រមាណជិត ១០០នាក់នោះផងដែរ។ ក្នុងនោះត្រូវបានជួយសម្របសម្រួលសង្រ្គោះបឋម ពីក្រុមការងារសន្ដិសុខយាមក្រុមហ៊ុន កងកម្លាំងនគរបាលប៉ុស្តិ៍ ស្រុក និងមានមន្រ្ដីអាជ្ញាធរពាក់ព័ន្ធជាច្រើន បានជួយបញ្ជូនបងប្អូនកម្មករ ទៅកាន់គ្លីនិកឯកជន និងមួយចំនួនទៀត បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។

តាមការបញ្ជាក់ ពីលោកវរសេនីយឯក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី ថាកម្មករដែលបានញ្ជូន ចេញទៅមន្ទីរពេទ្យបង្អែកនិងគ្លីនិកឯកជន គឺមានចំនួនប្រមាណជិត ១០០នាក់ ប៉ុន្តែក្នុងនោះមានអ្នកខ្លះ ក៏ជាអ្នកជួយគ្រាគេ អ្នកដែលមានអាការៈ ធ្ងន់ ស្រាល ទៅដល់ពេទ្យខ្លួនក៏រៀងវិលមុខក៏សំរាកនៅពេទ្យតែម្ដង ទើបឃើញមានចំនួនច្រើន។ បច្ចុប្បន្នកម្មករទាំងអស់មានអាការៈ ធូស្រាលវិញហើយ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ៕




