ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋម ស្ត្រីម្នាក់ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២២ ខែតុលា ដើម្បីចំណាត់ការបន្តតាមផ្លូវច្បាប់។ ស្ត្រីម្នាក់ត្រូវនគរបាលកំណត់ថាជាមេខ្លោងរកស៊ីរត់ពន្ធមនុស្សឆ្លងដែនយកប្តីនៅក្រៅប្រទេសនិងក៏ធ្លាប់បានលក់កូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ទៀតផង ដូចជាបង្ខំឲ្យនាងលក់ព្រហ្មចារីយ៍និងបញ្ឆោតយកនាងទៅលក់ដោយយកប្តីនៅ ប្រទេសចិនជាដើមនោះ។

ជនសង្ស័យរូបនេះមានឈ្មោះ ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ខេត្តក្រចេះ ចាប់ខ្លួនបាននៅខេត្តរតនគីរី កាលពីថ្ងៃទី១៨ តុលា ក្រោយពីមានការចុះស្រាវជ្រាវ និងរកឃើញថាមានជាប់សង្ស័យជាមេខ្លោងជួញដូរមនុស្សឆ្លងដែន។

លោកស្រីស្នងការរងបញ្ជាក់ទៀតថា កាលពីអំឡុងប៉ុន្មានឆ្នាំមុនស្ត្រីសង្ស័យរូបនេះធ្លាប់បានលក់ព្រហ្មចារីយ៍កូនស្រីបង្កើតខ្លួនឯងម្នាក់ ពេលនាងទើបតែមានអាយុ១៤ឆ្នាំ នៅឯខេត្តបាត់ដំបង។ ក្រោយលក់ព្រហ្មចារី កូនស្រីទាំងមិនទាន់គ្រប់អាយុបានត្រឹមមួយសប្តាហ៍ ស្ត្រីរូបនេះបានបង្ខំនាងឲ្យនាងទៅរកស៊ីផ្លូវភេទបន្តទៀត ដោយរូបគេនៅជាអ្នកហៅម៉ូយ ក្នុងមួយថ្ងៃៗគឺមានភ្ញៀវចាប់ពី៥ទៅ៦នាក់ ដែលបានចូលរួមភេទជាមួយនាង។

បើតាមលោកស្រីស្នងការរងបានសម្រង់ចម្លើយនារីជាកូនស្រីដែលរងគ្រោះទាំង៣នាក់នេះឱ្យដឹងទៀតថាដោយសារតែអត់ទ្រាំនឹងការកៀបសង្កត់នេះលែងបាននាងជាកូនបានរត់គេចខ្លួនរសាត់អណ្តែតរហូតបានទៅយកប្តីនៅប្រទេសចិនមួយរយៈ។ ក្រោយពីម្តាយបានដឹងថាកូនស្រីគេចខ្លួនបានទៅយកប្តីនៅប្រទេសចិនគាត់បានបោកបញ្ឆោតកូនស្រីរបស់ខ្លួន២នាក់ទៀតដោយម្នាក់មានអាយុ២៣ឆ្នាំនិងម្នាក់ទៀតមានអាយុ២០ឆ្នាំខណៈនាងនៅជាសិស្សនៅឡើយនោះដោយគំរាមឲ្យនាងឈប់រៀននិងបញ្ឆោតនាងក្លែងឯកសាររត់ការតាមខ្សែបណ្តាញឱ្យនាងបន្តទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់នោះទៀត។
ដោយ៖ ភារ៉ា