ខ្លាំងមែន!!! កំពូលបោក បោកទាំងនគរបាលដូចគ្នាទៀត បានលុយរាប់ម៉ឺនដុល្លារ រឿងធានាចូលក្របខណ្ឌនគរបាលជាតិជាប់១០០%
-

កណ្តាលៈ កាលពីវេលាម៉ោង៩ៈ១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ មានឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់សង្កាត់គីឡូ៦ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ (មិនពិតប្រាកដ)។ ត្រូវបានចាប់ខ្លួននៅចំណុច wing វីងវេរ លុយ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ក្រោយប្រព្រឹត្តអំពើឆបោក បុរសចំណាសម្នាក់ មានឈ្មោះ ឱម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពាមជំនីក ឃុំកំពង់ហ្លួងស្រុកពញាឭ ខេត្តកណ្តាល មុខរបរ នគរបាល។ ដោយកិច្ចប្រតិបត្តិការនេះ បានស្រាវជ្រាវនិងបង្ក្រាប សហការជាមួយ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនិង ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨  ជនសង្ស័យឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) បានទូរស័ព្ទមក ឈ្មោះ ឱម សុផាត សុំឲ្យជួយជំរុញ ប៉ុស្ដិឲ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារ សម្រាប់ឲ្យក្មួយចូលក្របខណ្ឌនគរបាល ក្រោយបន្តិចក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការងារធ្វើហើយឫនៅ? ហើយឈ្មោះ ឱម សុផាត ឆ្លើយវិញថា  មិនទាន់មានទេ ព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូល ធ្វើការងារនគរបាលក្របខណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ គេឲ្យអទិភាពជាង៣០នាក់ សម្រាប់បំពេញក្របខណ្ឌ សម្រាប់បង បើចង់ចូល ខ្ញុំយកតែ ១.៥០០ ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខណ្ឌ ត្រូវចំណាយម្នាក់៣.០០០ដុល្លារ ដោយមិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ។ ក្រោយមកខ្ញុំក៏បានផ្ញើរលុយចំនួន ១.៥០០ដុល្លារ តាមវីងនៅកំពង់ហ្លួងតាមរយៈលេខ ០១៧ ៤២៩ ៣៩៦ សម្រាប់កូនខ្ញុំ។

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខ្ញុំក៏ផ្ញើរលុយចំនួន ២.៥០០ដុល្លារទៀត តាមរយៈលេខដដែល និងកន្លែងដដែល ជាចំណែករបស់ប្អូនស្រីឈ្មោះ ឱម សុផាត ឈ្មោះ យន ថារី សម្រាប់ឲ្យកូនចូលក្របខណ្ឌនគរបាល ហើយនៅថ្ងៃដដែលនោះ ឈ្មោះ ម៉ាច បញ្ញា បានតេមកដោយនិយាយថា អាណិតឈ្មោះ ឱម សុផាត ចង់រាប់អានជាបងប្អូនថានឹងសន្យាឲ្យឡានកាមរី ឆ្លាមស៊េរី ឆ្នាំ២០០០ មួយគ្រឿងមកឲ្យ តែសុំឲ្យឈ្មោះ ឱម សុផាត ចេញតែថ្លៃសំបកកង់ និងកាត់ឈ្មោះចំនួន ៥លានរៀលបានហើយ ព្រោះឡានគេឲ្យខ្ញុំដែរទើបឈ្មោះឱម សុផាត បានផ្ញើរលុយចំនួន ១.២៥០ដុល្លារ តាមរយៈលេខដដែល។ នៅរសៀលថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធា បានផ្ញើរលុយចំនួន២.៦០០ដុល្លារ ទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដើម្បីឲ្យកូនបានចូលក្របខណ្ឌនគរបាលដែរ។

នៅថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង៧.៤០នាទី ឈ្មោះ ឱមសុផាត និងឈ្មោះ ទូច វណ្ណះ ក៏បានផ្ញើរលុយចំនួន៣.១០០ដុល្លារ ទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដដែល។ នៅថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ ឌន ណារិន ក៏បានផ្ញើរ លុយចំនួន២.១០០ដុល្លារ ទៅឲ្យឈ្មោះខាងលើទៀត។ នៅថ្ងៃដដែលនោះដែរ ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធី ក៏បានផ្ញើរលុយចំនួន៣.៤០០ដុល្លារ ទៅឲ្យឈ្មោះម៉ាច បញ្ញា និងតាមរយៈលេខដដែលទាំងអស់។ទើបល្ងាចថ្ងៃខែឆ្នាំដដែល ឈ្មោះ ម៉ាច បញ្ញា បានប្រាប់ឈ្មោះ ឱម សុផាត ប្រមូលអ្នកដែលត្រូវធ្វើការនេះ មកជួបជុំគ្នានៅផ្លូវកែងសំណាក់រូបសេះ ដើម្បីមកប្រកាសបញ្ចូលក្របខណ្ឌក្រសួងមហាផ្ទៃ តែដោយចាំយូរពេកឈ្មោះ ឱម សុផាត ក៏ខល ទូរស័ព្ទទៅឈ្មោះ ម៉ាច បញ្ញា ទាំង២ប្រព័ន្ធមិនចូល ទើបដឹងថាចាញ់បោកគេ ។ សរុបទឹកលុយទាំងអស់ដែលឈ្មោះ ឱម សុផាត ផ្ញើរឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០ដុល្លារ។ ទើបនៅថ្ងៃទី ១៥ ខែឆ្នាំដដែល ឈ្មោះ ឱម សុផាត បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

លទ្ធផលស្រាវជ្រាវ ស៊ើប អង្កេត តាមរយៈការងារជំនាញនិង ការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន តាមចម្លើយសារភាព របស់ឈ្មោះ ម៉ាច បញ្ញា (ជនសង្ស័យ) កាលពីថ្ងៃទី១១ ខែតុលា ២០១៨ វេលាម៉ោង៩និង១០នាទី ខ្លួនពិតជាបានដើរតួជាឈ្មោះ លឹម សក្ខណា និងបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន ។

តាមចម្លើយសារភាពបន្តទៀតថាខ្លួនធ្លាប់ឆបោកគេបានចំនួន ៣ដង មកហើយ -លើកទី ១ កាលពីអំឡុងចុងឆ្នាំ២០១៧ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅស្រុកខ្សាច់កណ្ដាលបានចំនួន ២.០០០ដុល្លារ ។ -លើកទី ២ មុនចូលឆ្នាំខ្មែរ ឆ្នាំ ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចំនួន ៥.០០០ដុល្លារ។ -លើកទី ៣ អំឡុងខែ ៧ ឆ្នាំ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅផ្សារដំដែក ខេត្តសៀមរាប បានចំនួន ៧.០០០ដុល្លារករណីនេះ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ៕