កណ្តាលៈ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយក្តីសង្វេគជាពន់ពេក នៅបុណ្យសពបងប្អូនបង្កើត៣នាក់។ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រី ចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យ (ដប់លានរៀល) ចូលបុណ្យសពបងប្អូនបង្កើតនឹងគ្នា ដែលបានស្លាប់ដោយសារ លិចទូកក្នុងទន្លេបាសាក់ កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ ក្នុងនោះមានឈ្មោះ ទី១.ឈ្មោះ រិន មករា ភេទប្រុស អាយុ ១៨ឆ្នាំ ទី២.ឈ្មោះ រិន រស្មី ភេទស្រី អាយុ ១៣ឆ្នាំ និងទី៣.ឈ្មោះ រិន ស្រីរ័ត្ន អាយុ ៩ឆ្នាំ។

ទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវក្ដីក្ដុកក្ដួល សោកសង្រេង របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនក្រុមគ្រួសារសព ដែលបានបាត់បង់កូន ជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមក្នុងពិធីនេះ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាពិសេសក្មេងៗ មិនត្រូវទៅលេងនៅកន្លែងណាដែលមានទឹកជ្រៅឡើយ ដើម្បីជៀសវាងមានគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោកស្រី ព្រីង សុផៃ ដែលត្រូវជាម្ដាយបង្កើត នៃសពទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខរបស់លោកស្រី ក៏ដូចជាប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់រើសអើង វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ៕



