រថយន្តTRITON បានរេចង្កូតមកបុកនិងរបងទ្វាររបស់ប្រជាពលរដ្ឋបាក់មួយចំហៀង ហើយក៏បានមកប៉ះនិងរថយន្ដទៀត
ណារ៉ា
-


ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលបាក់ទ្វារផ្ទះមួយចំហៀងនិងខូចខាតរថយន្តមួយគ្រឿងចំណែកអ្នកបើករថយន្តបង្ករងរបួសធ្ងន់រីឯអ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆការ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ហៅផ្លូវវាយកូនហ្គោល នៅជាប់និងភោជនីដ្ឋានម្លប់ស្បូវ 2Q ភូមិបឹងសាឡាង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស២នាក់បើករថយន្តមួយគ្រឿងម៉ាកTRITON ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2K-6078ធ្វើដំណើរចេញពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកចូលទ្វារផ្ទះរបស់ប្រជាពលរដ្ឋពេញទំហឹងបណ្តាលបាក់ទ្វារផ្ទះអស់មួយចំហៀងបណ្តាលរបងផ្ទះខ្ទាតទៅប៉ះរថយន្តបាឡែនមួយគ្រឿងពណ៏ស្កពាក់ស្លាកលេខភ្នំពេញ2M-4602 ម្ចាស់ចតនៅខាងមុខផ្ទះបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយតិចតួច។ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំចំណែកឯកៃកុងរថយន្ដរងរបួសធ្ងន់ត្រូវបានមិត្តភត្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការសម្របសម្រួលគ្នាជាមួយនិងម្ចាស់ផ្ទះរងការខូចខាតនិងសាច់ញាត្តិរបស់រថយន្តបង្កសងថ្លៃការខូចខាតចំនួន1600$ ដើម្បីបញ្ចប់រឿង៕