រាជធានីភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ទាញពូថៅកាប់លើឪពូកចុង បណ្តាលឲ្យរងរបួសបាក់ស្មងជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ដោយសារតែឪពុកចុងប្រដៅកុំឲ្យជួញដូរនិងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លុះដល់ថ្ងៃទី៣១ តុលា ទើបនគរបាលចាប់ខ្លួនជនដៃដល់នោះបាន នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ជនសង្ស័យខាងលើ ឈ្មោះង៉ូយ ម៉េងទី អាយុ១៩ឆ្នាំ ជាសន្តិសុខ មានីលំនៅក្នុងភូមិខាងលើ ។ ចំណែកបុរសជាជនរងគ្រោះឈ្មោះអេង ទ្រី អាយុ៤២ឆ្នាំ ជាជាងកាត់កញ្ចក់ មានទីលំនៅក្នុងភូមិក្នុងភូមិជាមួយគ្នា រងរបួសបាក់ ស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យព្រះសុមៈ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បន្ទាប់ពីកាប់ឪពុកចុងហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ភារ៉ា