ជនសង្ស័យម្នាក់ ជាបក្ខពួក ប៉ុនប៉ងបំផ្ទុះភេរវកម្មប្រឆាំងរាជរដ្ឋាភិបាល​ ត្រូវកម្លាំងនគរបាល ចាប់ឃាត់នៅខណ្ឌ​ពោធិ៍​សែន​ជ័យ
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញ សហកាជាមួយកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឡោមព័ទ្ធផ្ទះមួយកន្លែង ដើម្បី​ចាប់​ជនសង្ស័យ​ម្នាក់​​ ដែល​ជា​បក្សពួក​មនុស្ស​៨​នាក់ ​​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ស្ថិតនៅត្រង់​ចំណុច​ផ្ទះ​លេខ​184A ផ្លូវ​លេខ​68R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


ជនសង្ស័យ​ខាងលើ ឈ្មោះ​ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ និង​ចាំ​ដី​ឱ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល ដែល​ការ​ចាប់ខ្លួន​គឺ​ធ្វើ​ឡើង​តាម​ដីកា ។ បច្ចុប្បន្ន ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ ក្រសួង​ផ្នែក​ភេរវកម្ម ដើម្បី​ចាត់ការ​តាម​នីតិវិធី ។


គួររំលឹកថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០២ តុលា កន្លង​មក កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំងភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ បាន​តាម​ប្រមាញ់​ចាប់ខ្លួន​មេ​ខ្លោង​ម្នាក់ ពាក់ព័ន្ធ​ទៅ​និង​មនុស្ស​ប្រុស​-​ស្រី​៨ នាក់ ដែល​មាន​អតីតភិក្ខុសង្ឃ​១​អង្គ​ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តព្រះវិហារ ។ ជនសង្ស័យរូបនោះមានឈ្មោះ ​ក្រូច ដែល​ការ​ចាប់ខ្លួន​ឈ្មោះ​នេះ សមត្ថ​កិច្ច​បាន​ដកហូត​អាវុធ​មាន​វែង​មាន​ខ្លី និង​មាន​គ្រឿង​រំសេវ​ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀត​ផង។


ការបង្ក្រាបពេលនោះ កម្លាំងនគរបាល បានដកហូតកាំភ្លើងចំនួន២៨ដើម ហើយក្រុមទាំងនេះ​ ត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារជាបណ្តោះអាសន្នរួចហើយ៕


ដោយ៖ ភារ៉ា