សារខ្លីពីបងប្រុសម្នាក់ ផ្ញើជូនបងប្អូន ដែលនិយមចូលចិត្តជិះកង់បីឥណ្ឌា (PassApp) សូមប្រយ័ត្ន កុំឲ្យជួបរឿងដូចខ្ញុំបែបនេះ....!!!
-

សូមក្រុមហ៊ុន PassApp ជួយពិនិត្យមើលបុគ្គលមួយចំនួន ដែលកំពុងប្រើឈ្មោះក្រុមហ៊ុន ដើម្បីធ្វើសុីភ្ញៀវ ធ្វើឲ្យភ្ញៀវខាតពេលវេលានិងខូចអារម្មណ៍។

គាត់ដែលមានID និងលេខទូរស័ព្ទហ្នឹង បានបំពានលើខ្ញុំតាមរយះជិះវៀង ហើយទំលាក់កំហុសលើខ្ញុំ ថាខ្ញុំមិនបានប្រាប់ផ្លូវ ហើយដល់ពេលគិតលុយ គិតតាមកម្មវិធីវាស់គីឡូកេងប្រវ័ញ្ញផ្សេង ដែលគិតលើសតម្លៃ ខណៈដែលខ្ញុំចុចហៅតាមកម្មវិធី PassApp សោះ។ ខ្ញុំបានចុចហៅគាត់តាម PassApp នៅការ៉ាស់សាំង PTT អូបែកក្អម ហើយសាច់រឿងដូចតទៅ៖

*ពេលឡើងភ្លាម ខ្ញុំបានប្រាប់គាត់ថា បងជូនខ្ញុំទៅអូឬស្សី ជិះតាមផ្សារសុវណ្ណា ហើយគាត់ក៏ជិះតាមផ្លូវស្ពានស្ទឹងមានជ័យ ហើយដល់ផ្សារសុវណ្ណា គាត់មិនបត់ឆ្វេងទេ គាត់ជូនខ្ញុំទៅមុខទៀតលើផ្លូវ២៧១ ជិតដល់ផ្លូវបត់ទួលទំពូង។ ខ្ញុំរវល់លេងទូរស័ព្ទ អត់ដឹងទេ។ ពេលខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំប្រាប់គាត់ថា បងខ្ញុំទៅអូឬស្សី មិនមែនទៅសន្សំកុសលទេ។ ហើយគាត់បានទម្លាក់កំហុសលើខ្ញុំថាមកពី ពេលដល់ផ្សារសុវណ្ណា ខ្ញុំមិនបានប្រាប់ឲ្យគាត់បត់។ 

ខ្ញុំថា មិនអីទេ បើសិនបងមិនស្គាល់ផ្លូវ ចាំខ្ញុំជួយប្រាប់បង ព្រោះការមិនដឹងមិនមែនជាកំហុសទេ រួចខ្ញុំបានប្រាប់គាត់ឲ្យបកក្រោយ ជិះទៅបត់តាមផ្លូវសុវណ្ណាវិញ ខ្ញុំសុខចិត្តចំណាយលើចម្ងាយដើម្បីអោយបងបានរៀនសូត្រ ហើយចងចាំរហូត។ គាត់តបមកខ្ញុំឡើយឡូយថា គាត់ស្គាល់គ្រប់ផ្លូវទាំងអស់នៅភ្នំពេញ ព្រោះគាត់រត់ម៉ូតូយូរណាស់ហើយ គាត់ថាមកពីខ្ញុំ ពេលដល់ផ្លូវបត់តាមផ្សារសុវណ្ណា ខ្ញុំមិនបានប្រាប់គាត់។ បងប្អូនជួយគិតមើល បើបងប្អូនជិះចុះពីស្ពានអាកាសស្ទឹងមានជ័យ ហើយជិះទៅអូឬស្សី តើបងប្អូនគួរជិះតាមផ្លូវ២៧១ កាត់តាមសន្សំកុសល វត្តដំបូកខ្ពស់ រួចឡើងតាមផ្លូវមុន្នីវង្ស ជិះតាមបឹងត្របែកវិញ? ខ្ញុំបានប្រាប់គាត់ហើយថា បើបងមិនស្គាល់មិនមែនជាកំហុសទេ តែគាត់បានតបមកខ្ញុំថា គាត់ស្គាល់ផ្លូវ ហើយថាមកពីដល់ផ្លូវបត់ ខ្ញុំអត់បានប្រាប់គាត់ឲ្យបត់។

*ខ្ញុំបានព្រមានគាត់ថា បងកុំធ្វើរបៀបហ្នឹង បើបងមិនស្គាល់ផ្លូវមិនអីទេ តែបើបងមានចេតនាជិះវៀង ខ្ញុំអាចប្តឹងឲ្យក្រុុុមហ៊ុនផ្តាច់កម្មវិធី PassApp ពីបងបាន។ គាត់ឆ្លើយឡើងឡូយថា ផ្តាច់ៗទៅ ពួកអាក្រុមហ៊ុន PassApp ហ្នឹង...គាត់មិនចង់ប្រើទេ។ ហិឺម...ក្រែងខ្ញុំហៅគាត់តាម PassApp ហេស!

*កាន់តែហួសចិត្តទៀត ពេលកដល់អូឬស្សី គាត់មិនបើកកម្មវិធី PassApp ដើម្បីគិតតម្លៃទេ គាត់បើកកម្មវិធីគីឡូដៃមកគិតលុយលើសចំងាយ។ ប៉ុន្តែខ្ញុំបានតវ៉ា ហើយឲ្យគាត់តែ២ដុល្លាប៉ុណ្ណោះ តម្លៃដែលខ្ញុំធ្លាប់ជិះពីស្តុបអូបែកក្អមមកអូឬស្សី។ កុំឲ្យចាញ់ចិត្ត អាប៉ិហ្នឹង។

ខ្ញុំមិនសុខចិត្ត មិនមែនមកពីខ្លាចជិះអស់លុយប៉ុណ្ណាទេ ប៉ុន្តែពេលវេលានិងផ្លូវចិត្តរបស់ខ្ញុំត្រូវបានគេបំពាន។ ហើយអាបិុឯងចាត់ទុកខ្ញុំជាដំឡូងមូល អត់ចេះគិតអីសោះម៉ងហេ? (ពេលខ្ញុំជិះ PassApp ដោយសប្បាយចិត្ត ខ្ញុំមិនដែលអាប់លុយ ១០០០រៀល ឬ២០០០រៀលទេ)។ រឿងខាតបង់លុយកាកជារឿងម្យ៉ាង រឿងប៉ះពាល់ផ្លូវចិត្តជារឿងមួយទៀត ហើយរឿងធ្វើឲ្យខាតបង់ពេលវេលាជារឿងធំ។ សូមក្រុមហ៊ុន PassApp ជួយចាត់វិធានការផង ដើម្បីកុំឱ្យគេយកឈ្មោះ ក្រុមហ៊ុនទៅកេងប្រវ័ញ្ញភ្ញៀវ ៕