អាការៈ​ទាំង៨ចំណុច មានន័យ​ថា​តម្រងនោម​កំពុង​តែ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់
ណារ៉ា
-

សូមប្រយ័ត្ន អាការៈទាំង៨ចំណុច មានន័យថាតម្រងនោមកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ហើយ។ តម្រងនោមមនុស្សយើងស្ថិតនៅផ្នែកខាងក្រោមឆ្អឹងជំនីទាំងសងខាង និងនៅខាងក្រោយ។ ការងាររបស់សរីរាង្គដ៏សំខាន់នេះគឺ ច្រោះជាតិពុលពីក្នុងខ្លួនដើម្បីបញ្ចេញចោលតាមទឹកនោម និងលាមក។ វាក៏មាននាទីច្រោះជាតិពុលតាមរយៈការលាងឈាមរាល់ថ្ងៃ ដើម្បីរក្សាសម្ពាធឈាមឲ្យមានលំនឹង ផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ អេឡិចត្រូលីត្រមានតុល្យភាព និងឆ្អឹងរឹងមាំ។ ដូច្នេះ បើសិនជាតម្រងនោមស្ថិតក្នុងសភាពគ្រោះថ្នាក់ រាងកាយនឹងបង្ហាញជាអាការៈដូចខាងក្រោមនេះឲ្យអ្នកដឹងជាមិនខាន។

១.ហើមតាមផ្នែកផ្សេងៗនៃរាងកាយ

រឿងដែលអាចដឹងលឿនបំផុតថាតម្រងនោមខ្សោយ គឺនៅពេលអ្នកនោម ឬបែកញើសតិច។ ការដែលហើមក្នុងសន្លាក់ ដៃជើង និងមុខ សុទ្ធតែជាអាការៈបញ្ជាក់ថា តម្រងនោមមានបញ្ហាហើយ។

២.ទឹកនោមប្រែប្រួល

ការដែលនោមមានសម្ពាធ ឬពិបាកនោម គឺជាអាការៈមួយដ៏សំខាន់។ លើសពីនេះទៅទៀត បើសិនជាអ្នកនោមតិចជាងធម្មតា និងនោមមកមានពណ៌ចាស់ខ្លាំង ឬនោមច្រើនពេក និងទឹកនោមប្រែពណ៌ស្លេកស្លាំង វាក៏ជាសញ្ញាបញ្ជាក់ថាមានបញ្ហាក្នុងតម្រងនោមដែរ។

៣.ស្បែកឡើងរមាស់

នៅពេលមានអ្វីមួយប្រែប្រួលរហូតដល់ស្បែកមានប្រតិកម្មរមាស់ខុសពីធម្មតា វាច្រើនតែជាសញ្ញាមួយបញ្ជាក់ថា តម្រងនោមកំពុងតែធ្វើការមិនបានល្អទេ។ បញ្ហាបស្បែកនេះអាចមានលក្ខណៈ រមាស់ខ្លាំង កន្ទួល ស្ងួត និងរលាកជាដើម។

៤.ងាយនឹងអស់កម្លាំង

តម្រងនោមដែលមានសុខភាពល្អគឺផលិតអ័រម៉ូន EPO (Erythropoietin) សម្រាប់បង្កើតគ្រាប់ឈាមក្រហមដើម្បីដឹកនោមអុកស៊ីសែន។ បើសិនជា គ្រាប់ឈាមក្រហមចុះទាប អ្នកនឹងមានអារម្មណ៍ថាងាយនឹងអស់កម្លាំងណាស់ ហើយវាក៏ប៉ះពាល់ដល់មុខងារសាច់ដុំ និងខួរក្បាលផងដែរ។

៥.ពិបាកដកដង្ហើម

អាការៈមួយដ៏ចំបងនៃបញ្ហាតម្រងនោមគឺនៅពេលដែលរាងកាយមិនសូវមានអុកស៊ីសែនដោយសារតែគ្រាប់ឈាមក្រហមចុះទាប ដូច្នេះវានឹងបង្កើនជាតិពុលកាន់តែច្រើនក្នុងសួត រហូតដល់ពិបាកដកដង្ហើម។

៦.ក្នុងមាត់មានរសជាតិដូចដែកៗ

កាលណាកាកសំណល់ក្នុងខ្លួនកើនឡើងកាន់តែច្រើន ក៏អាចធ្វើឲ្យប្រែប្រួលដល់របៀបដែលមាត់ស្រង់រសជាតិអាហារដែរ ជាពិសេសរសជាតិដូចដែក ហើយក៏បង្កក្លិនមាត់អាក្រក់ថែមទៀត។

៧.ឈឺចាប់

ការឈឺចាប់នៅខ្នងម្តុំខាងលើច្រើនតែទាក់ទងនឹងបញ្ហាតម្រងនោម។ វាក៏ជាអាការៈមួយនៃការបង្ករោគ ឬគ្រួសក្នុងតម្រងនោមដែរ។

៨.វិលមុខ

ការដែលមានចំនួនអុកស៊ីសែនតិចក្នុងខ្លួន គឺជាសញ្ញាមួយនៃជំងឺកង្វះគ្រាប់ឈាម និងខ្សោយតម្រងនោម។ ប៉ុន្តែវាក៏កាត់បន្ថយសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ដែរ ដោយសារតែអុកស៊ីសែនទៅខួរក្បាលមិនបានគ្រប់គ្រាន់។ ដូច្នេះអ្នកនឹងមានអាការៈវិលមុខខ្លាំង ជាមួយនឹងការចងចាំមិនបានល្អទៀត។

អត្ថបទ៖​ អ៊ាង សុផល្លែត