(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយល់ព្រមធ្វើជា អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ តាមសំណើមេបញ្ជាការនានាឈរការពារទឹកដីព្រំដែនកម្ពុជា-ថៃ។ នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ប្រាប់ Fresh News។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។ នៅក្នុងឱកាសសំណេះសំណាលនេះ បណ្តាមេទ័ពទាំងអស់ បានស្នើសុំឱ្យសម្តេចធ្វើជា អគ្គភស្តុភាកំពូល នៃកងយោធពលខេមរភូមិន្ទ។
លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើមេបញ្ជាការទាំងអស់ ដែលសុំឱ្យសម្តេចធ្វើជាអគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ។

សម្តេចបានទទួលយកនូវសំណូមពរ ហើយសម្តេចបានបញ្ជាក់ប្រាប់មេបញ្ជាការទាំងអស់កុំឱ្យញញើត រួញរាញ ក្នុងការតបតជាមួយសត្រូវ ជាមួយបច្ចាមិត្ត ហើយកុំបារម្ភចំពោះការទ្រទ្រង់ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការនៃការកិច្ចការពារបូរណភាពទឹកដី នៃអធិបតេយ្យជាតិរបស់យើងពីការឈ្លានពានណាមួយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យសម្តេចតេជោ៕ ប្រភព៖ Fresh News
