កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនបុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បន្ទាប់ពី​ឃើញ​ដេក​នៅតាម​ផ្លូវ​សាធារណៈ ត្រង់ចំណុច​មុខ​ស្ថានទូត​អាល្លឺម៉ង់ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​
-

ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត ខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនបុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ មានឈ្មោះ HAGEN KIENZ ភេទ​ប្រុស អាយុ៥៤ឆ្នាំ ជនជាតិ​អាល្លឺម៉ង់។ បន្ទាប់ពី​ឃើញ​ដេក​នៅតាម​ផ្លូវ​សាធារណៈ ត្រង់ចំណុច​មុខ​ស្ថានទូត​អាល្លឺម៉ង់ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​នោះទេ ហើយ​បាន​ប្រគល់ជូន​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត។

ជនបរទេសរូបនេះ ​ចូលមក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​គោលបំណង​ទេសចរណ៍។ បើតាម​ការសាកសួរ បានអោយដឹងថា រយៈកាល​ដែល​មក​ស្នាក់នៅ​ប្រទេស​កម្ពុជា គ្មាន​លុយ និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ ដើរ​ដេក​តាម​ទីសាធារណៈ និង​គ្មាន​លិខិតឆ្លងដែន ជាប់​ខ្លួន​នោះទេ។ ជនបរទេស​ដែល​ដើរ​ដេក​តាមផ្លូវ​សាធារណៈ​នេះ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕