សង្គមសព្វថ្ងៃមានមនុស្សបែបនេះ ពិតជាចង្រៃមែន!!! គ្រាន់តែ២យប់សោះ រដយន្ដ២០គ្រឿង បើកបរពេលយប់ ត្រូវជនទាំងនេះដេញគប់បំបែកកញ្ចក់ ខ្ទេចគ្មានសល់ ទុកជាការកម្សាន្តរបស់ខ្លួន
-

កំពង់ឆ្នាំងៈ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានក្រុមក្មេងស្ទាវមួយក្រុមតែងតែពួនស្ទាក់ និងខ្លះជិៈម៉ូតូ ដេញគប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ រហូតទៅដល់ចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌។ បណ្តាលឲ្យខូចខាតអស់រថយន្តជាច្រើនគ្រឿង និងក្រុមក្មេងទាំងនោះ បានធ្វើសកម្មភាព គប់កញ្ចក់រថយន្ត ជនរងគ្រោះបណ្តាល អោយបែក ២កន្លែង និងរងរបួសបែកក្បាល អ្នកបើកបររថយន្តម្នាក់ផងដែរ ។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងតាមរយៈទូរស័ព្ទ ពីជនរងគ្រោះជាម្ចាស់រថយន្តប្រមាណជាង២០គ្រឿងរួចមក ត្រឹមតែរយៈពេលតែ២យប់ប៉ុណ្ណោះ។ លោកក៏បានទទួលការណែនាំ ពីឯកឧត្តមគណៈបញ្ជាការឯកភាពខេត្ត ហើយក៏បានបញ្ជារ កម្លាំងតាមគោលដៅ សហការគ្នា ចាប់ពីក្រុងកំពង់ឆ្នាំង រហូតដលើស្រុក បរិបូរណ៌ ដើម្បីពួនស្ទាក់ចាប់ក្រុមក្មេងទំនើងទាំងនេះ។

ដោយមិនត្រូវទុកក្រុមក្មេងទាំងនេះ បង្ករភាពអសន្តិសុខដល់សង្គម ក៍ដូចជាធ្វើអោយមានជនរងគ្រោះជារៀងរាល់ថ្ងៃឡើយ។ ជាលទ្ធផលនោះយប់ថ្ងៃទី១៣ ខែវិច្ឆិកា កម្លាំងរបស់លោក បានស្ទាក់ចាប់បានជនដៃដល់ចំនួន៣នាក់ ដែលកំពុងធ្វើសកម្មភាពគប់កញ្ចក់រថយន្តគេ នៅចំណុចផ្សារបរិបូណ៌។ ហើយបានយកមកសាកសួរ ទើបនៅថ្ងៃទី១៤ ខែវិច្ឆិកា ឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៥ នាក់បន្ថែមទៀត ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ជនដៃដល់ទាំង៨នាក់មាន ១.ឈ្មោះ សេង ហាន អាយុ ២០ឆ្នាំ ២.ឈ្មោះអុំ ចន អាយុ២០ឆ្នាំ ៣.ឈ្មោះយឿន ចាន់ឌី អាយុ១៨ឆ្នាំ ៤.ឈ្មោះសៀន សារ៉ាត់ អាយុ16ឆ្នាំ ៥.ឈ្មោះម៉ាល់ ចាន់ រ៉ុង អាយុ១៧ឆ្នាំ ៦.ឈ្មោះហ៊ន សុខចាន់ អាយុ២៧ឆ្នាំ ៧.ឈ្មោះឌឿន សីហា អាយុ១៧ឆ្នាំ និង៨.ឈ្មោះខាំ ឈាងម៉ាលី អាយុ២០ឆ្នាំ ជនទាំង៨នាក់ មានទីលំនៅស្រុកបរិបូណ៌។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនិងម៉ូតូ ជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៤គ្រឿង ត្រូវបានចាត់ការតាមផ្លូវច្បាប់ ៕