កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ មួយកន្លែង ពីបទបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតឡេលាយក្លែងក្លាយ
-

សៀមរាបៈ កាលពីវេលាម៉ោង១៣ៈ៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ០៦ ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ មួយកន្លែង ពីបទបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ (ឡេលាយ)។ 

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ាស្នងការរងនគរបាលខេត្ត ទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនិងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកបន្តថា ការចុះបង្ក្រាបទីតាំងគ្រឹះស្ថាន លក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ដែលមានម្ចាស់ឈ្មោះ ជា ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នេះគឺយើងបានស្រាវជ្រាវរកឃើញទីតាំងខាងលើនេះ បើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ។  វត្ថុតាងដកហូតរួមមាន ឡេលាយគ្មានច្បាប់ទម្លាប់ចំនួន ១១មុខ ស្មើនិង ១៧០៦ប្រអប់។

ចំពោះម្ចាស់ហាងខាងលើ បាននាំមកសាកសួរនៅស្នងការខេត្តបន្ថែមទៀត ដើម្បីស្រាវជ្រាវរកអ្នកផលិតឡេក្លែងក្លាយទាំងនេះ យកផ្តន្ទាទោសតាមផ្លួវច្បាប់ និងត្រូវបានពិន័យអន្តរការ ចំនួន៤លានរៀល ដោយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដោយអនុលោមទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ៕