ភ្នំពេញៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដល់កម្មករនិយោជិតទាំងអស់ របស់អតីតក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅបើកលុយដោយផ្ទាល់ខ្លួន នៅថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៨:០០នាទីព្រឹក រហូតដល់ម៉ោង១២:០០ នាទីរសៀល នៅក្នុងទីតាំង ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ប្រាក់ដែលនឹងបើកជូនឱ្យកម្មករនិយោជិត អតីតក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន ជាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីថៅកែអតីតក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន មិនទទួលខុសត្រូវ (ថៅកែរត់ចោល)។ យោងតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថាៈ កម្មករនិយោជិតទាំងអស់ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជាៈ កាតសម្គាល់ខ្លួនក្នុងរោងចក្រ (ច្បាប់ដើម) និងសៀវភៅការងារ ឬបណ្ណ ប.ស.ស និងបណ្ណបើកប្រាក់ឈ្នួលប្រចាំខែ របស់កម្មករនិយោជិតម្នាក់ៗ (បើមាន) ៕
