ភ្នំពេញ ៖ ក្រុមជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពយកដំបងវាយទៅបុរសម្នាក់ បណ្ដាលឲ្យបែកមួកសុវត្តិភាព និងរងរបួសស្រាល រួចយកម៉ូតូឌ្រីមសង់០១៣របស់បុរសរងគ្រោះជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែវិឆ្ឆិកាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១០៤ ចំណុចមុខការ៉ាសាំងL.H.R ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទូច សុខហេង ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបបធ្វើស្រែចំការ មានស្រុកកំណើតភូមិកណ្ដាលក្រោម ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។

បើតាមការរៀបរាប់ពីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតរូបគាត់បានជិះម៉ូតូឌ្រីមសង់០១៣ឡើងតែម០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខដោយជិះចេញពីកម្មវិធីបុណ្យនៅផ្សារត្រាំខ្នារគោលបំណងត្រលប់ទៅផ្ទះនៅគៀនស្វាយវិញ ដោយជិះពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿងមានឌ្រីមសង់មិនចាំស្លាកលេខនិងមួយគ្រឿងទៀតមិនចាំម៉ាកជិះមកពីក្រោយហើយធ្វើសកម្មភាពយកដំបងមកវាយចំក្បាលបណ្ដាលឲ្យបែកមួកសុវត្តិភាព តែជនរងគ្រោះរងរបួសស្រាល រួចក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលទាំងអស់សង្ឃឹម៕


ដោយៈ ភារ៉ា