បុរស​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រីនគរបាល​ នៅ​នាយកដ្ឋាន​ធ្វើលិខិត​ឆ្លងដែន (ប៉ាស្ព័រ) បាន​បាញ់​ទម្លុះ​រថយន្ត​របស់ខ្លួន អស់១១គ្រាប់ ដោយសារ​ខឹង​ម្ដាយ​ទៅរក​រឿង ខណៈពេល​ខ្លួន​កំពុង​ច្រៀង​លេង​កម្សាន្ត​សប្បាយ​ នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ "ពិភព​រាត្រី"
-

ភ្នំពេញៈ កាលពី​វេលា​ម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើល ដោយបុរស​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រីនគរបាល​ នៅ​នាយកដ្ឋាន​ធ្វើលិខិត​ឆ្លងដែន (ប៉ាស្ព័រ) បាន​បាញ់​ទម្លុះ​រថយន្ត​របស់ខ្លួន អស់១១គ្រាប់ ដោយសារ​ខឹង​ម្ដាយ​ទៅរក​រឿង ខណៈពេល​ខ្លួន​កំពុង​ច្រៀង​លេង​កម្សាន្ត​សប្បាយ​ នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ "ពិភព​រាត្រី"។

មុនពេល​កើតហេតុ មន្ត្រីនគរបាល​ជា​ជនបង្ក​បាន​បើករថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3913 មក​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង “ពិភព​រាត្រី” ខាងលើ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លេចមុខ​ម្ដាយ ដោយបាន​ទៅរក​រឿង​ដល់​កន្លែង​តែម្ដង ធ្វើ​ឲ្យ​មន្ត្រីនគរបាល​រូបនោះ មានការ​ខឹងសម្បារ​នឹង​ម្ដាយ​យ៉ាងខ្លាំង ព្រោះ​ខ្លួន​កំពុង​រាំលេង​សប្បាយ​ជាមួយនាងៗ ហើយ​ស្ទុះ​ដើរ​ចេញមក​ខាងក្រៅ រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​បាញ់​សំដៅ​រថយន្ត​របស់ខ្លួន​អស់​ចំនួន១១គ្រាប់ បណ្ដាល​ឲ្យ​ធ្លុះ​កញ្ចក់​រថយន្ត​ផ្នែក​ខាងមុខ។ ដោយ​បង្ក​ការបាញ់បោះ​រួច ជនបង្ក​មិនបាន​នៅ​កន្លែងកើតហេតុ​នោះទេ ពោល គឺ​ទាំង​ម្ដាយ និង​កូន បានដាក់​មេ​ប្រូច​បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ។ ចំណែក​លោក យិន សាន្ត អធិការនគរបាល​ខ​ណ្ឌ​ចំការមន និង​កម្លាំង​នគរបាល ព្រមទាំង​កម្លាំង​អាវុធហត្ថ បាន​ចុះមក​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​តាម​ជំនាញ។

ក្រោយពេល​កើតហេតុភ្លាមៗ រថយន្ត​រង​ការបាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង​របស់​មន្ត្រីនគរបាល​រូបនោះ ត្រូវបាន​ក្រុម​សន្តិសុខ​រុញចេញ​ទៅ​លាក់ទុក​នៅ​ចម្ងាយ​ប្រហែល១០០ម៉ែត្រ ពី​កន្លែង​បាញ់​នៅ​ចំណុច​មុខ​ខារ៉ាអូខេ "ពិភព​រាត្រី"។ មន្ត្រី​អាវុធហត្ថ បញ្ជាក់ថា នឹងធ្វើ​ការស្រាវជ្រាវរ​ក​មន្ត្រីនគរបាល ដែលជា​ជនបង្ក​ការបាញ់បោះ​នោះ យកមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕