ភ្នំពេញៈ កាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាងដែក២នាក់ ម្នាក់ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាន មានឈ្មោះ ធី សី អាយុ១៨ឆ្នាំ មុខរបរ ជាងដែក នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិ ដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។ ក្រោយពី បែកគំនិតនាំគ្នាទៅទិញស្បងជីវ មកគ្រង ស្លៀក ពាក់បន្លំធ្វើជាសង្ឃក្លែងក្លាយ ដើររ៉ៃអង្គាសលុយ បានដើរស៊ីចាយ ដេកផ្ទះសំណាក់ បង្កឲ្យប៉ះពាល់ ដល់តម្លៃព្រះពុទ្ធសាសនា ដល់កិត្តិយសដល់សង្ឃ ព្រះអង្គត្រឹមត្រូវ ដទៃទៀត។ ចំណែកសង្ឃក្លែងក្លាយម្នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ សិប្បកម្ម ជាមួយគ្នា ត្រូវជាមិត្តភក្តិ មានស្រុកកំណើត ខេត្តព្រៃវែង។

តាមសម្តីយុវជនកំហូចរូបនេះ បានឲ្យដឹងថា ពួកគេមានមុខរបរ ជាជាងដែក នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ប្រាក់ខែក្នុងមួយខែ១៨០ដុល្លារ តែប្រាក់ខែ ស៊ីចាយ មិនគ្រប់គ្រាន់ សម្រាប់ពួកគេទាំង២នាក់ ក៏បែកគំនិតមួយ នាំគ្នាទៅរកទិញស្បងចីវ មកស្លៀកគ្រង ហើយដើររ៉ៃអង្គាសលុយ តាមទីសាធារណ: តាមភូមិ អស់រយ:ពេល ជាង១០ថ្ងៃមកហើយ ទើបតែរយ:ពេល៥ថ្ងៃនេះ មកសង្ងំស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ថ្ងៃឡើងស្លៀកស្បង ដើររ៉ៃអង្គាសលុយ ក្នុងភូមិ ថ្មគោល ត្រពាំងថ្លឹង បានលុយក្នុងមួយថ្ងៃពី១០ម៉ឺនរៀល ទៅជាង១០ម៉ឺនរៀល ស៊ីចាយពេលយប់ ដេកផ្ទះសំណាក់ ទើបតែនៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា នេះចុះចេញពីផ្ទះសំណាក់ នៅម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ គោលដៅរ៉ៃអង្គាសលុយ នៅក្នុងភូមិថ្មគោល ទើបតែបានលុយជាង២ម៉ឺនរៀល ត្រូវបានពលរដ្ឋតាមទាន់ ដឹងបែកធ្លាយរឿង ឃាត់ខ្លួននាំទៅសាលាសង្កាត់ចោមចៅ២ តែម្តង។

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានឲ្យដឹងថា ក្រោយពីពលរដ្ឋដឹងរឿង ចាប់ឃាត់នាំមកប្រគល់ឲ្យអាជ្ញាធរ ហើយអាជ្ញាធរ សង្កាត់បានរាយការណ៍ទៅការិយាល័យធម្មការខណ្ឌ ដើម្បីសុំដកស្បងជីវ សម្ភារៈពាក់ព័ន្ធទុក ហើយឲ្យធ្វើកិច្ចសន្យាអប់រំ បញ្ឈប់នូវសកម្មភាព បែបប៉ះពាល់ដល់វិស័យសាសនា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ រួចទើបអនុញាតិឲ្យវិលត្រឡប់ទៅវិញ ៕



